ប៉ុន្មានម៉ោងក្រោយអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរបស់ជប៉ុន ហ្សីន ហ្សូអាបេ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់ បានផ្ញើសារបួងសួងជូនឯកឧត្តម រួចផុតពីគ្រោះថ្នាក់នេះ។

ភ្ជាប់ដោយព្រះបរមឆាយាល័ក្ខណ៍(រូបថត)នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ហ្សិន ហ្សូអាបេ នាឱកាសបំពេញព្រះរាជទស្សនកិច្ចប្រទេសជប៉ុនកាលពីខែតុលា ឆ្នាំ២០១៩នោះ ទំព័រហ្វេសប៊ុក Royal Du Camboge ដែលស្និតនឹងព្រះបរមរាជវាំង បានបង្ហោះសារលើកទឹកចិត្តនិងបួងសួងជូនអតីតមេដឹកនាំជប៉ុនរូបនេះ។

ដោយឡែក ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ក៏បានបង្ហោះសារជូនពរឯកឧត្តម ហ្សិន ហ្សូអាបេ ឱ្យបានរួចផុតពីគ្រោះថ្នាក់នេះផងដែរ ខណៈតំណាងរាស្ត្រម្នាក់ទៀត គឺឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភាមណ្ឌលសៀមរាប បានបួងសួងវត្ថុស័ក្ដិសិទ្ធិខេត្តសៀមរាប ពិសេសបារមីអង្គរវត្តជួយតាមអភិបាលរក្សាឯកឧត្តម អាបេ។

ទន្ទឹមគ្នានឹងថ្នាក់ដឹកនាំ ក៏មានជាបន្តបន្ទាប់ដែរ ប្រជាជនកម្ពុជាដែលស្គាល់ឯកឧត្តម ហ្សិន ហ្សូអាបេ ពិសេសដឹងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន បានសម្ដែងក្ដីតក់ស្លុតចំពោះដំណឹងនៃការបាញ់ប្រហារឯកឧត្តម និងបានបួងសួងពីចំងាយឱ្យអតីតនាយករដ្ឋមន្ត្រីជប៉ុនដែលធ្លាប់មកបំពេញទស្សនកិច្ចកម្ពុជារូបនេះបានឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិត៕

Share.