កំពត ៖ សិស្សសាលាចំនួន៥នាក់ និងអ្នកបើករុឺម៉កម៉ូតូ១នាក់ សរុប៦នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តកូរ៉េឃ្លុបបើកវ៉ាជែងមិនប្រយ័ត្ន ជ្រុលបុកកៀរក្រឡាប់សង្កត់ពីលើរុឺម៉កម៉ូតូកំពុងបើកច្រាសទិស ដឹកសិស្សទៅសាលា កាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៣៥-១៣៦ ក្បែរសាលាឃុំព្រៃថ្នង ចំណុចភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ឃ្លុបពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9935 អ្នកបើកបរ គេចខ្លួនបាត់ក្រោយកើតហេតុ ។
តាមបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលចូលទៅគន្លងផ្លូវម្ខាងទៀត បុកកៀររុឺម៉កម៉ូតូដឹកសិស្ស ដែលបើកដោយបុរសម្នាក់ ដឹកសិស្សចំនួន៥នាក់ បើកពីជើងទៅត្បូង បណ្តាលឲ្យក្រឡាប់សង្កត់ជាប់ពីលើរុឺម៉កម៉ូតូ បង្កឲ្យអ្នកបើករុឺម៉កផ្លោងខ្ទាតចេញ រងរបួសធ្ងន់ ចំណែកសិស្សសាលា៥នាក់ កៀបជាប់ពីក្រោមទ្រុងរថយន្ត របួសស្រាល៣នាក់ លូនចេញបាន ធ្ងន់២នាក់ជាប់នៅពីក្រោម ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចយករថយន្តស្ទូចលើកបង្ហើប យកក្មេងរងគ្រោះចេញ ។

ជនរងគ្រោះទាំងអស់៦នាក់ របួសធ្ងន់៣នាក់ របួសស្រាល៣នាក់ ត្រូវបានសមត្ថកិច្ច ចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចស្ទូចលើកយកទៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ
