ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការការ​សោកសៅ និង​តក់ស្លុត ចំពោះ ការទទួលមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រីជប៉ុន​​   ដែលត្រូវបានបាញ់ប្រហារក្នុងអំឡុង​ពេលធ្វើ​​យុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្ម​ដ៏ព្រៃផ្សៃ​នេះ។ ឯកឧត្តម ស៊ីនហ្សូ អាបេ​​  គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និង​ជាមិត្តភក្ដិជាទីគោរពស្រលាញ់​​របស់កម្ពុជា  ហើយមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ​​  គឺជាការបាត់បង់ដ៏គួរឱ្យសោកសង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ»។

រាជរដ្ឋាភិបាល    និងប្រជាជនកម្ពុជា    ចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែងនូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល៕

Share.