
ទីបំផុតទៅគេបានដឹងហើយអំពីមាត្រានៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមដែលរាជរដ្ឋាភិបាលស្នើធ្វើវិសោធនកម្ម។ គណៈរដ្ឋមន្រ្តីបានអនុម័តរួចហើយសំណើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា និងច្បាប់ស្ដីពីធម្មនុញ្ញបន្ថែមចំនួន២មាត្រា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី វិសោធនកម្មច្បាប់កំពូលលើកនេះ មានគោលដៅចំបងចំនួន២។
បើតាមសេចក្ដីប្រកាសដដែល មាត្រាដែលត្រូវធ្វើវិសោធនកម្មនោះរួមមាន មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩(ថ្មីមួយ) មាត្រា១២៥ថ្មី។ ចំណែកមាត្រានៃច្បាប់ធម្មនុញ្ញបន្ថែមចំនួន២ ដែលនឹងត្រូវវិសោធនកម្មក្នុងសំណើរដដែលនេះ រួមមានមាត្រា៣ថ្មី និងមាត្រា៤ថ្មី។
ខ្លឹមសារនៃមាត្រារដ្ឋធម្មនុញ្ញដែលស្នើធ្វើវិសោធនកម្ម៖
មាត្រា១៩ថ្មី(មួយ) ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ថ្មី។
មាត្រា៩៨ តាមការស្នើសុំពីសមាជិកយ៉ាងតិចមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តុង្គឧត្តមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
មាត្រា៩៨ ថ្មី រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទំលាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័យញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូណរដ្ឋសភា ដោយតំណាងរាស្រ្តចំនួន៣០នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
មាត្រា១០២ ថ្មី នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈដ៏ទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិបញ្ចប់កាលៈទេសៈ ពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍ នៅពេលដែលមានកម្លាំងបរទេសមកចូលកាន់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តប្រកាសទៅមុខជាស្វ័យប្រវត្ត។
មាត្រា១១៩ ថ្មី (មាត្រា ១០០ ចាស់) តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធាន ទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោម តំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល ។ វរជន ដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិក គណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុង រាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះ ឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំង គណៈរដ្ឋមន្ត្រីទាំងមូល ។
មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦ ។
មាត្រា ១២៥ ថ្មី (មាត្រា ១០៦ ចាស់) បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំង គណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋ មន្ត្រីស្តីទីជាបណ្ដោះអាសន្ន។
ខ្លឹមសារនៃមាត្រាចំនួន២ នៃច្បាប់ស្ដីពីធម្មនុញ្ញបន្ថែមដែលស្នើវិសោធនកម្ម៖
មាត្រា ៣. ក្នុងករណីដែលឃើញថា នីតិវិធីនៃមាត្រា៨២ និង១១៩ ថ្មី នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការ ការបោះឆ្នោត ជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការ ក្នុងពេលជាមួយគ្នានឹង ការផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាល។
មាត្រា៤ ការរៀបចំបញ្ជីរាយនាមបេក្ខជនដើម្បីបោះឆ្នោតជ្រើសតាំង និង ផ្តល់សេចក្តីទុកចិត្ត ត្រូវអនុវត្តដូចតទៅ ៖
-បញ្ជីរាយនាមបេក្ខជនប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំ និងស្នើដោយគណបក្សនយោបាយ ដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជ រដ្ឋាភិបាលចំរុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា ។
-តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួន អាសនៈ ច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត ទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោ បាយ ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល ។
វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់ នៃរាជរដ្ឋាភិបាល ជូនព្រឹទ្ធសមាជិករដ្ឋសភា ។
-ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវ បេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធាន គណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជននាយករដ្ឋមន្តី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយក្រោយអនុម័តវិសោធនកម្ម ឬកែខ្លឹមសារនៃមាត្រាខាងលើនេះ គណៈរដ្ឋមន្រ្តីបានឱ្យដឹងថាវិសោធនកម្មនេះ មានគោលបំណងសំខាន់២ ក្នុងនោះទី១-ធានាឱ្យស្ថាប័នកំពូល របស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង ទី២-ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និង ស្ថេរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន៩លើករួចមកហើយ ក្នុងគោលបំណងធានា ឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ខណៈច្បាប់ធម្មនុញ្ញបន្ថែមត្រូវបានបង្កើតឡើងសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤។ រាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែតមួយដើម្បីពន្យល់បន្ថែមអំពីគោលដៅនៃសំណើរវិសោធនកម្មច្បាប់ធម្មនុញ្ញទាំង២នេះ៕


