ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូស្មាស់បើកទាក់ដៃចង្កូតជាមួយម៉ូតូPCX ដួល ហើយត្រូវបានរថយន្តបុកកិនបន្ថែម បណ្តាលឲ្យស្លាប់ រីឯអ្នកបើកម៉ូតូម្ខាងទៀត និងរថយន្តបានគេចខ្លួនបាត់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី មុខស្ថានីយ៍ប្រេង តូតាល់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូ ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HK-0335 ជិះដោយជនជាតិខ្មែរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែភាគីខាងម៉ូតូ ម៉ាកPCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IM-4311 ជិះដោយបុរសជនជាតិចិន ពីលិចទៅកើតស្របគ្នា វ៉ាជែងទាក់ដៃចង្កូតដួល ស្របពេលនោះក៏មានរថយន្តមួយគ្រឿងផ្សេងទៀតមិនចាំម៉ាក បើកស្របទិសជ្រុលបុកកិនជនរងគ្រោះជាជនជាតិចិន បណ្តាលឲ្យស្លាប់ ហើយរថយន្តបានបើករត់គេចបាត់ ដោយឃើញជនរងគ្រោះជាជនជាតិចិនស្លាប់ ស្រាប់តែអ្នកបើកម៉ូតូស្មាស់ ក៏រត់គេចខ្លួនទៅបាត់ដែរ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមបងប្អូនចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ÷តាតុង សែនជ័យ
