ភ្នំពេញ ៖ ជនសង្ស័យម្នាក់ហ៊ានណាស់ បន្លំចូលលួចលើកយកកេសដាក់ទូរស័ព្ទដៃមួយកេស និងសម្ភារៈ ដាក់លើម៉ូតូបើករត់គេច ម្ចាស់ក្រឡេកឃើញទាន់ស្រែកផ្អើល ដេញតាមចាប់បាន ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅហាងលក់ទូរស័ព្ទដៃ មួយកន្លែងតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបាន មានឈ្មោះ ម៉ៅ ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ សៅ ថារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ ម៉ាក i phone 13 pro max ជាផលិតផលរបស់ចិន ចំនួន១០០គ្រឿង និងសម្ភារៈ ស្រោម កាស ឆ្នាំងសាកទូរស័ព្ទ១កេស សរុបជាទឹកប្រាក់ប្រមាណ២មុឺនដុល្លារ ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-0590 ជាមធ្យោបាយរបស់ជនសង្ស័យ ជិះទៅធ្វើសកម្មភាព ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូ ទៅបន្លំខ្លួនចូលទៅក្នុងហាងលក់ទូរស័ព្ទ ខណៈដែលម្ចាស់កំពុងជាប់រវល់ជាមួយភ្ញៀវផ្សេង ជាឱកាសរបស់ជនសង្ស័យ លើកយកកេសដាក់ទូរស័ព្ទ និងកេសដាក់សម្ភារៈ លើម៉ូតូ បើកគេច ក៏ប៉ុន្តែម្ចាស់ឃើញទាន់ ស្រែកឆោឡោ ដេញចាប់ឃាត់ខ្លួនបាន ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី រីឯទូរស័ព្ទទាំង១០០គ្រឿង និងសម្ភារៈ ត្រូវបានប្រគល់ជូនម្ចាស់រងគ្រោះ ដើម្បីយកទៅលក់ដូរវិញ ៕
