ភ្នំពេញ៖បុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AO-4115 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 3 ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចគល់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ក៏ស៊ីញ៉ូបត់ស្ដាំឡើងមកផ្លូវវេងស្រេង ដោយល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នផងនោះ ក៏រេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ រងការខូចខាតបែកបេតុងស៊ីម៉ង់។  រថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកចូលហ្ការាសសាំងមួយកន្លែងនៅក្បែរនោះ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់ផ្នែកខាងមុខ។ ឯស្ថានីយសាំងរងការខូចខាតក្រពឹតបាក់ដែក។ តែជាសំណាងល្អក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 11:50នាទីយប់ថ្ងៃទី10 ខែកក្កដា ឆ្នាំ 2022 ក្បែរ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីម្ចាស់រថយន្ត prius ព្រមចេញថ្លៃសងការខូចខាត ទៅម្ចាស់ស្ថានីយប្រេងដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត

Share.