ភ្នំពេញ ៖ ត្រូវបានក្រុមរុករក និងសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ អន្តរាគមន៍ជួយចាត់បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបនូវឧបទ្ទវហេតុ ធ្លាក់ដែកសង្កត់លើ ពេលដែលកំពុងធ្វើការងារ ហើយត្រូវបានអ្នករួមការងារដឹកជនរងគ្រោះទៅទម្លាក់ទុកចោល ត្រង់គល់ស្ពានអាកាសចោមចៅ ជ្រុងខាងកើត ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចនាំគ្នាគេចខ្លួនបាត់អស់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ជួយហៅរថយន្តសង្គ្រោះ កាលពីវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។

ជនរងគ្រោះឈ្មោះ ឈៀវ ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅឯឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញជនរងគ្រោះនៅដេក លើទោង តាំងពីវេលាទៀបភ្លឺមកម្ល៉េះ មិនដឹងថាមកពីណា ហើយគិតស្មានថានៅដេកធម្មតា រហូតដល់វេលាម៉ោងខាងលើ មិនឃើញក្រោក ងើបសោះ ទៅហៅ ដាស់ ទើបដឹងថា ជនរងគ្រោះរងរបួសដោយសារធ្លាក់ដែកលើ ត្រូវបានអ្នករួមការងារដឹកយកមកដាក់ចោលតាមផ្លូវ ។

បើតាមសម្តីជនរងគ្រោះ និយាយបានតិចៗ ឲ្យដឹងថា គាត់ធ្លាក់ដែកលើ ពេលកំពុងធ្វើការងារ ហើយមិត្តរួមការងារជូនទៅពេទ្យ គ្មានខាងណាគេហ៊ានទទួល បែជាដាក់ទុកចោលចំណុចខាងលើ ។ ការសាកសួរមិនទាន់ដឹងថា មកពីណា នៅឯណាផង ជនរងគ្រោះសន្លប់បាត់ ។

ជនរងគ្រោះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ក្នុងសភាពបែបនេះ ក៏បានជួយហៅរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.