
បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅសណ្ឋាគារសុខារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយជនមានពិការភាពភ្នែកចំនួន១០រូប នៃសមាគមនិងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ដែលមានទីតាំងទល់មុខសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសាកសួរដោយផ្ទាល់ពីដំណើរការ និងនិរន្តភាព របស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ពិសេសជុំវិញការបើកទីស្នាក់ការបម្រើសេវាម៉ាស្សាធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនិងការងាររបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ។

តំណាងជនពិការភ្នែកទាំង១០រូប មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រៅពីការងាររបស់សមាគម ជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះប្រកបរបរបន្ថែមលើអ្វីដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ជួយឧបត្ថម្ភដូចជាប្រាក់ខែ របបអង្ករ ជាដើម។
ជាមួយនឹងការអញ្ជើញពិនិត្យដោយផ្ទាល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ពីការបន្តជួយសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ហើយនៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល និង១ពាន់ដុល្លា ជូនដល់ជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ៕

