សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រ្តីជប៉ុន។ ពិធីគោរពវិញ្ញាណក្ខន្ធ បានប្រារព្ធឡើងនៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ឥស្សរជនកំពូលៗ បានអមដំណើរសម្ដេចតេជោ រួមមានសម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន​ ឈិន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងឥស្សរជនមួយចំនួនទៀត។

ឯកឧត្តម ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង ខណៈកំពុងថ្លែងសារឃោសនាបោះឆ្នោត។ ឃាតករត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ខណៈរូបអ្នកនយោបាយជប៉ុនលំដាប់កំពូលរូបនេះត្រូវបានអះអាងថាទទួលមរណភាពនាប៉ុន្មានម៉ោងក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពឯកឧត្តម ស៊ីនហ្សូ អាបេ និងបានកំណត់យកថ្ងៃទី១០ ខែកក្កដា ជាថ្ងៃកាន់មរណទុក្ខទូទាំងប្រទេសកម្ពុជា។ នៅព្រឹកមិញ មុនពេលថ្លែងសុន្ទរកថាក្នុងពិធីមួយនៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោក៏បានដឹកនាំអង្គពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្ត ស៊ីន ហ្សូអាបេ ដែរ៕

Share.