អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃ ច័ន្ទ នេះថា សភារបស់ប្រទេសស្រីលង្កានឹងជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែ កក្កដា នេះ បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅដ្ឋានរបស់ប្រធានាធិបតី និង ដុតបំផ្លាញគេហដ្ឋាននាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលបានស្នើសុំលាលែងពីតំណែងចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មិនធ្លាប់មាន។
ប្រធានាធិបតីស្រីលង្កាបច្ចុប្បន្ន លោក Gotabaya Rajapaksa បានអះអាងថា រូបលោកនឹងចុះចេញពីតំណែងនៅថ្ងៃ ពុធ សប្ដាហ៍នេះ ក្រោយពេលដែលមានការលុកលុយពីក្រុមអ្នកតវ៉ាទាំងអស់នោះ។

ទាក់ទិននឹងករណីនេះ ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្ការបស់លោក Ranil Wickremesinghe បានឲ្យដឹងថា រដ្ឋមន្រ្តីទាំងអស់នៅក្នុងគណៈរដ្ឋមន្រ្តីបានសម្រេចចិត្តលាលែងពីតំណែង ហើយបានឯកភាពលើគំនិតថា នៅពេលមានកិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយភ្លាមនោះ ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការទទួលខុសត្រូវរបស់ពួកគេឲ្យទៅរដ្ឋាភិបាលថ្មី។

ទោះបីជាមានរដ្ឋមន្រ្តី លាលែងពីតំណែងអស់ជាច្រើនរូបក្ដី ប្រធានសភាស្រីលង្កា លោក Mahinda Yapa Abeywardena បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សភានឹងប្រជុំឡើងវិញនៅថ្ងៃ សុក្រ សប្ដាហ៍នេះ ហើយបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅរយៈពេល ៥ថ្ងៃបន្ទាប់។

លោក Abeywardena បន្ដថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំគណបក្សដែលបានធ្វើឡើងនៅសប្ដាហ៍នេះ វាត្រូវបានព្រមព្រៀងគ្នាថា នេះគឺជាការចាំបាច់ដើម្បីធានាថារដ្ឋាភិបាលបក្សទាំងអស់ត្រូវធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។

សូមជម្រាបថា ការលាលែងពីតំណែងទាំងអស់នេះកើតឡើងចំពេលដែលស្រីលង្កាចាប់ផ្ដើមអស់ប្រេងឥន្ទនៈ ស្បៀងអាហារ និង របស់ចាំបាច់ផ្សេងៗ ដែលប្រទេសនេះកំពុងប្រឈមចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨៕

