ក្រុមហ៊ុន Twitter Inc បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell, Lipton, Rosen & Katz LLP ដើម្បីរៀបចំឯកសារប្ដឹង លោក Elon Musk បន្ទាប់ពីលោកបានបញ្ចប់ការទិញក្រុមហ៊ុននេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការឲ្យដឹងពីប្រភពដែលដឹងពីបញ្ហានេះ។

លោក Elon Musk ដែលបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានបញ្ចប់កិច្ចព្រមព្រៀងទិញលក់របស់ក្រុមហ៊ុន Twitter កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន ដោយនិយាយថា Twitter បានបរាជ័យក្នុងការផ្ដល់ព័ត៌មានលំអិតអំពីគណនីក្លែងក្លាយនៅលើវេទិកា។

ការសម្រេចចិត្តរបស់មហាសេដ្ឋីរូបនេះបានធ្វើឲ្យប្រធានក្រុមប្រឹក្សាភិបាល Twitter លោក Bret Taylor បានប្ដេជ្ញាថានឹងប្រឆាំង រួមទាំងតស៊ូ ជាមួយលោក Elon Musk តាមផ្លូវច្បាប់។

យោងតាមប្រភពពីមនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្ដឹងនៅដើមសប្ដាហ៍នេះ នៅ Delaware ខណៈ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះករណីនេះឡើយ។

Wachtell, Lipton, Rosen & Katz LLP គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកច្បាប់របស់លោក Elon Musk ហើយកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុននេះជាដៃគូប្រឹក្សារបស់លោក នៅក្នុងផែនការនាំយកក្រុមហ៊ុន Tesla ទៅជាក្រុមហ៊ុនឯកជន។ ប៉ុន្ដែផែនការមួយនេះបានធ្វើឲ្យលោក Elon Musk ត្រូវបង់ប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងព្រោះតែក្រុមអ្នកវិនិយោគ នឹង គណៈកម្មាការមូលបត្រអាមេរិកបានប្ដឹង។ ចំណែកលោក បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Tesla ដើម្បីដោះស្រាយជាមួយគណៈកម្មការមូលបត្រអាមេរិកដែលអះអាងថា លោក Elon Musk បានបោកប្រាស់វិនិយោគិន កាលពីឆ្នាំនោះ៕

ប្រភព៖ Global News

Share.