ភ្នំពេញ ៖ យុវជនម្នាក់ជំនាញខាងដើរលួច សមត្ថកិច្ចធ្លាប់ចាប់ខ្លួនច្រើនលើកច្រើនសារ អប់រំ រហូតដល់ជាប់នៅមណ្ឌលកែប្រែ បទលួចទូរស័ព្ទ តែនៅមិនរាងចាល វិលមកវិញបែជាលួចម៉ូតូម្តង ម្ចាស់គេទាន់ស្រែកផ្អើលពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមិនចេះរាងចាលឈ្មោះ គីម តឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មានទីលំនៅផ្ទះតាមផ្លូវបេតុង ក្រុម១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិបុឺស២ ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះ ឈ្មោះ យឹម យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានបនរពន្ធឈ្មោះ ថុន ស្រីលីន អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ រីឯម៉ូតូដែលជនសង្ស័យនិងបក្ខពួកលួចនោះ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-1492 ត្រូវបានដកហូតមកវិញ ។

បើតាមបុរសរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលចុះមករកម៉ូតូ ដែលចតទុកខាងក្រោម ស្រាប់តែបាត់ មិនដឹងថាមានជនសង្ស័យលួចតាំងពីពេលណា ទើបឆោឡោ រត់ទៅសុំច្បាប់នៅកន្លែងការងាររោងចក្រ ក្នុងបំណង ដើរស្វែងរកម៉ូតូ លុះចេញពីរោងចក្រ មកដល់ផ្លូវខាងលិចផ្សារព្រៃទា ស្រាប់តែប្រទះឃើញម៉ូតូ ត្រូវបានជនសង្ស័យជិះចូលទៅរកទិញបាយ ទើបស្រែកផ្អើលអ្នកជិតខាង ចាប់ខ្លួនបានម្នាក់ ជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ ។

បើតាមជនសង្ស័យវិញ បានឲ្យដឹងថា នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ពួកគេមានគ្នា៣នាក់ ដើរទៅលួចកាច់សោកម៉ូតូ បានមួយគ្រឿងខាងលើ នាំគ្នាលើផ្លោះរបងចេញមកក្រៅ កាត់តខ្សែភ្លើងហើយជិះទៅផ្ទះសិន រួចជិះមករកទិញបាយហូប ស្រាប់តែម្ចាស់ម៉ូតូឃើញ ឃាត់ខ្លួនបាន បក្ខពួក២នាក់ទៀតដឹងខ្លួន រត់គេចទៅបាត់ ស្រមោល ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមុខដដែលៗ ចាប់អប់រំច្រើនលើក ចាប់បញ្ជូន ដាក់មណ្ឌលកែប្រែ ម២ បទលួចទូរស័ព្ទ ទើបតែចេញមកវិញ មិនរាងចាល លើកនេះលួចម៉ូតូម្តង ត្រូវបានចាប់ខ្លួនសារជាថ្មី។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យម្នាក់នេះ សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ តាមបណ្តឹងភាគីរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្ថែមទៀត ៕

Share.