ភ្នំពេញ÷ បុរសម្នាក់បើករថយន្ត gs300 មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌា 2 គ្រឿងនិងរបងការដ្ឋានសំណង់មួយកន្លែងរងការខូចខាតនៅតាមបណ្ដោយផ្លូវសុធារស កាលពីវេលាម៉ោង 3:30 នាទីទៀបភ្លឺឈានចូលថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្ត gs300 មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BD-6491ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ដែលឈប់ចាំយកភ្ញៀវបណ្ដាលអោយរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនទេ ក៏បន្ដទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ឈប់នៅខាងស្ដាំដៃ បណ្ដាលអោយរងការខូចខាតទៀត រួចរថយន្តបន្តទៅបុករបងការដ្ឋានសំណង់មួយកន្លែងទៀត អោយរងការខូចខាតបាក់វៀចស្ទើរតែរលំ ទើបរថយន្ដអស់ល្បឿនទៅមុខលែងរួច រងការខូចខាតអស់មួយកំណត់ផ្នែកខាងមុខ តែជាសំណាងល្អក្នុងករណីនេះ មិនបង្កមានអ្នករងរបួសទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់ទន្លេបាសាក់ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឲ្យភាគីទាំងបី ដោយភាគីម្ចាស់រថយន្ត gs300 ព្រមចេញថ្លៃសងការខូចខាតទៅកាន់ម៉ូតូកង់បីឥណ្ឌាចំនួន 2 គ្រឿងនិងរបងការដ្ឋានសំណង់ដើម្បីបញ្ចប់រឿង នៅហ្នឹងកន្លែងកើតហេតុកុំអោយវែងឆ្ងាយ៕
អត្ថបទ៖ លី សុភាស់

