មណ្ឌលគិរី ៖ តំបន់មួយចំនួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់៣ថ្ងៃជាប់ៗគ្នា ក៏ប៉ុន្តែមិនប៉ះពាក់ធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូប្រជាពលរដ្ឋឡើយ គិតមកដល់រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ។

តាមអាជ្ញាធរបានឲ្យដឹងថា នៅថ្ងៃទី១២ កក្កដា ២០២២ ជំនន់ទឹកភ្លៀងបានជន់ឡើងពីដងអូរ លិចចូលក្រោមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយមកដល់រសៀលថ្ងៃនេះ ភ្លៀងនៅបន្តធ្លាក់នៅឡើយ ។

លោក ចាន់ រតនា មន្ត្រីលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានកើនឡើងនៅអំឡុងម៉ោង៧ព្រឹក ថ្ងៃទី១២ កក្កដានេះ ហើយក្រៅពីឃុំស្រែខ្ទុម នៅតំបន់ផ្សេងទៀតក៏មានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះដែរ ដោយកាលពីថ្ងៃ១១ កក្កដា ម្សិលមិញ នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា មានទឹកជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្លូវនៅចន្លោះភូមិស្រែព្រះ នឹងភូមិពូចារ ត្រង់ស្ពាន់អូរត្រូន ដោយស្ថានភាពទឹកជន់លិចលើផ្លូវ៥តឹក និងប្រវែង១៥០ម៉ែត្រ តែមិនបណ្តាលឲ្យមានប៉ះពាល់ដល់ផ្ទះប្រជាជននៅឡើយទេ ។

ចំណែកនៅឃុំស្រែឈូក ក្នុងស្រុកកែវសីមា ដូចគ្នា ក៏មានជំនន់ទឹកភ្លៀងបានហូរកាត់លើផ្លូវ និងលូរបស់ក្រុមហ៊ុនមួយកន្លែង នៅចំណុចអូរចក់ចារ ភូមិព្រះ ប៉ុន្តែគិតរហូតមកដល់រសៀលថ្ងៃទី១២នេះ ស្ថានភាពទឹកបានស្រកចុះវិញខ្លះហើយ នៅឃុំស្រែព្រះ និងឃុំស្រែឈូក នៅឡើយតែជំនន់ទឹកភ្លៀងនៅឃុំស្រែខ្ទុម តែប៉ុណ្ណោះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.