ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសទៅកាន់រដ្ឋធានី ម៉ាល នៃប្រទេស ម៉ាល់ឌីវ នៅព្រឹកថ្ងៃ ពុធ ទី ១៣ ខែ កក្កដា នេះ តាមរយៈយន្ដហោះយោធា ចំពេលមានការតវ៉ាដ៏ធំអស់ជាច្រើនខែ ជុំវិញវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះឈានចូលដំណាក់កាលកាន់តែអាក្រក់ៗទៅ។

ការភៀសខ្លួនរបស់លោក Gotabaya Rajapaksa កើតឡើងមុនពេលដែលលោកសន្យានៅចុងសប្ដាហ៍មុននេះថា នឹងលាលែងពីតំណែងនៅថ្ងៃ ពុធ នេះ ដើម្បីផ្លាស់ប្ដូរដោយអំណាចសន្តិភាព។

ក្នុងនាមជាប្រធានាធិបតី លោក Gotabaya ទទួលបានអភ័យឯកសិទ្ធិពីការចាប់ខ្លួន ហើយត្រូវបានគេជឿងថា លោកចង់ភៀសខ្លួនទៅក្រៅប្រទេសមុនពេលចុះ​ចេញពីតំណែង ដើម្បីចៀសវាងលទ្ធភាពនៃការចាប់ខ្លួនដោយរដ្ឋបាលថ្មី។

មន្រ្តីអន្តោប្រវេសន៍បានឲ្យដឹងថា លោក និង ភរិយា រួមទាំងអង្គរក្សរបស់លោកបានជិះយន្ដហោះយោធាពិសេសរបស់ទ័ពអាកាស Antonov-32 ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់នៃប្រទេសស្រីលង្កាឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវដែលជាប្រទេសជិតខាង។

ការចាកចេញរបស់មេដឹកនាំវ័យ ៧៣ឆ្នាំ រូបនេះ បានធ្វើឲ្យរាជវង្សមួយដែលគ្រប់គ្រងប្រទេសស្រីលង្កាអស់រយៈពេលជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់។

ដោយឡែកប្រភពមួយបានប្រាប់ថា ប្អូនប្រុសរបស់លោក Gotabaya គឺលោក Basil Rajapaksa អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ក៏បានចាកចេញពីប្រទេស ប៉ុន្ដែបានខកខានជើងហោះហើររបស់ក្រុមហ៊ុន Emirates ដែលហោះឆ្ពោះទៅកាន់ទីក្រុង Dubai កាលពីព្រឹកថ្ងៃ អង្គារ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងជាមួយបុគ្គលិកព្រលានយន្ដហោះ។

សូមជម្រាបថា ស្រីលង្កា គឺជាប្រទេសមួយដែលជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ដែល ប្រជាជនក្នុងប្រទេសនេះបានជួបបញ្ហានៃការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ និង កង្វះខាតនូវប្រេងឥន្ទនៈ អាហារ ​​រួមទាំងខ្វះថ្នាំពេទ្យជាដើម។ ប្រជាជនស្រីលង្កាបានស្ដីបន្ទោសរដ្ឋបាលរបស់លោកប្រធានាធិបតី Gotabaya ចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដែលកើតចេញពីការដឹកនាំប្រទេសមិនបានល្អរបស់លោកអស់រយៈពេលជាច្រើនទសវត្សរ៍៕

ប្រភព៖ CNA

Share.