ប្រភពស៊ើបអង្កេតមួយបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានប្រាប់ថា ខ្លួនបានឆែកមើល YouTube នៅពេលបង្កើតអាវុធ ដែលប្រើក្នុងការវាយប្រហារលើមេដឹកនាំដែលកាន់អំណាចបានយូរជាងគេបំផុតរបស់ប្រទេសជប៉ុន។

ប្រភពក៏បាននិយាយផងដែរថា លោក Tetsuya Yamagami វ័យ ៤១ឆ្នាំ ដែលជាអតីតទាហានជើងទឹកជប៉ុន និង ជាខ្មាន់កាំភ្លើងសម្លាប់លោក Abe បាននិយាយថា រូបគេបានសាកល្បងផលិតកាំភ្លើងដោយខ្លួនឯង នៅទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងក្រុមសាសនាដែលលោកស្អប់។ ជនល្មើស Yamagami បានអះអាងថា ម្ដាយរបស់លោកបានបរិច្ចាគប្រាក់យ៉ាងច្រើនរហូតដល់អស់ទ្រព្យពីខ្លួន ដល់ក្រុមនិកាយសាសនាលោក Moon Sun-myung ដែលលោក Yamagami ជឿថា មានទំនាក់ទំនងជាមួយនឹងលោក Abe។

ប៉ូលីសទីក្រុង Nara ជឿថា ខ្មាន់កាំភ្លើងរូបនេះបានសាកល្បងអាវុធមុនការវាយប្រហារដែលគ្រោងទុក។ Yamagami បានបដិសេធថា ការបាញ់ប្រហារនេះមិនមានពាក់ព័ន្ធនឹងហេតុផលនយោបាយទេ ដោយរូបគេបានប្រាប់ប៉ូលីសថា លោកបានជ្រើសរើសធ្វើការប៉ុនប៉ងលើជីវិតរបស់អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បន្ទាប់ពីបានរៀបចំផែនការដំបូងដើម្បីកំណត់គោលដៅប្រតិបត្តិការ។

កាំភ្លើងច្នៃជាច្រើនដើម ស្រដៀងនឹងកាំភ្លើងដែលប្រើដើម្បីសម្លាប់លោក Abe ត្រូវបានរឹបអូសពីផ្ទះរបស់ជនល្មើស Yamagami ហើយប៉ូលិសក្រុងបាននិយាយថា Yamagami បានឆែកមើល YouTube ក្នុងការប៉ុនប៉ងម្តងហើយម្តងទៀតដើម្បីផលិតអាវុធ។

ប្រភពក៏បាននិយាយដែរថា កាំភ្លើងដែល Yamagami ផលិតដើម្បីបាញ់លោក Abe គឺត្រូវបានកែច្នៃឡើង ដោយអាចបាញ់បាន ៦គ្រាប់ ក្នុងពេលតែមួយ។ កាំភ្លើងនេះបានកែច្នៃពី បំពង់ដែកចំនួន២ ដោយរុំបង់ស្អិត និងប្រើប្រាស់គ្រាប់ដាក់ក្នុងសម្បកប្លាស្ទិកតូចៗ ដែលបាញ់ចេញពីបំពង់ទាំង២នោះ អាវុធនេះគឺស្រដៀងទៅនឹងកាំភ្លើងស្នប់ DX-12 ហើយវាមើលទៅដូចជាកាំមេរ៉ា ដែលអាចធ្វើឲ្យជនល្មើសកាន់បន្លំជាអ្នកកាសែត ចូលទៅក្បែរលោក Abe៕

