សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ជំនួបនេះ បានធ្វើឡើងនារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារសន្តិសុខ និងលើវិស័យអនុវត្តច្បាប់ និងមានក្ដីសង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងអំណរគុណ និងបង្ហាញការគាំទ្រចំពោះការលើកឡើងតាមរយៈពាក្យពេចន៍របស់សម្ដេចក្រឡាហោម អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះ ការប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ថាកម្ពុជាស្វាគមន៍ជានិច្ច ចំពោះការគាំទ្រពីបណ្ដាប្រទេសជាដៃគូ ប្រទេសជាមិត្ត រួមទាំងសហរដ្ឋអាមេរិក។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា និងចាត់ទុកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ថាមានសារៈសំខាន់ដែលត្រូវតែបន្តពង្រឹង និងពង្រីក ពិសេសលើអ្វីដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ។

សម្ដេចក្រឡាហោម និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ដោយសម្ដេចបានជម្រាបឯកឧត្តម និងគណៈប្រតិភូថាជាគោលការណ៍ គឺពុំមានអ្វីប្រែប្រួលនោះទេនៅក្នុងដំណើរការការងារនេះ។

ភាគីទាំងពីរនឹងបន្តជជែកពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេសមួយចំនួនដើម្បីបន្តដំណើរការនេះដូចអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក និងបានឯកភាពបន្តខិតខំជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីគាំទ្រដំណើរការការងារនេះ៕

Share.