តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង​សហប្រតិ​បត្តិ​ការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន​​​​​ (A.K. Abdul Momen)     រដ្ឋមន្រ្តី​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូ​មក​បំពេញទស្សនកិច្ចផ្លូវការនៅក្រកម្ពុជា ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសនៃទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ  សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្ដីនៃរកម្ពុជា និងជួបទ្វេភាគី​ជាមួយ​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹង​ពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​​ក្នុងវិស័យ​នានា ក៏​ដូច​ជា​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។

ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ជើញធ្វើបាឋកថាក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ទស្សន​កិច្ច​របស់​ឯកឧត្តម​បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕

Share.