នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២នេះ «សៀវភៅប្តូររបៀបគិត ជីវិតរុងរឿង» បានប្រកាសដាក់សម្ពោធជាផ្លូវការហើយ ក្រោមការួមពីបណ្ដាអ្នកមុខអ្នកការ និងអ្នកនិពន្ធជើងចាស់ជាច្រើនរូប មកចូលរួមអបអរ។ សៀវភៅជីវិតនេះដែរ បានឆ្លុះបញ្ចាំងពីបទពិសោធជីវិតពិតប្រាកដ និងជាក់ស្តែងជាមេរៀនជីវិតដែលលោកគ្រូ ឃីម សុខហេង បានយកទៅអនុវត្ត និងពិសោធអស់រយៈកាល ១៨ឆ្នាំ ហើយបានផ្លាស់ប្តូរជីវិតរបស់លោកពីកូនកសិករ ក្រីក្រ រស់នៅក្នុងផ្ទះដំបូលធ្លុះធ្លាយឯស្រុកស្វាយអន្ទរទី១ ខេត្តព្រៃវែង ។

លោក ឃីម សុខហេង ប្រែពីក្មេងក្រីក្រម្នាក់រហូតក្លាយជាបុគ្គលដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ សេរីភាពពេលវេលា និងរស់នៅប្រកបដោយកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ រីករាយរុងរឿង និងសប្បាយចិត្តចែករំលែក ចំណេះដឹង បទពិសោធ និងគុណតម្លៃខ្ពស់នៃការរស់នៅតាមមាគ៌ាសច្ចៈ ទៀងត្រង់ និយាយត្រូវ គិតត្រូវ បដិបត្តិត្រូវ និងមានកតញ្ញូកតវេទី ចំពោះអ្នកមានគុណ និងគ្រូបាអាចារ្យរបស់លោក។ សៀវភៅនេះបានក្លាយជាប្រទីបដើម្បីជាមាគ៌ាគំនិត និងជាកម្លាំងចលករជួយជំរុញ និងលើកទឹកចិត្តបុគ្គលគ្រប់រូបឱ្យពុះពារ ហែលឆ្លងនូវរលកជីវិត ឆ្ពោះទៅកាន់គោលដៅដែលខ្លួន ចង់បាន តាមគន្លងដែលលោកគ្រូ ឃីម សុខហេង បានបដិបត្តិ។

«សៀវភៅប្តូររបៀបគិត ជីវិតរុងរឿង» សរសេរឡើងដោយសហអ្នកនិពន្ធជើងចាស់ប្រកបដោយបទពិសោធ និងមានទេពកោសល្យរបស់យើងទាំងពីររូបគឺលោក Pierre Gillette និងលោក គី សុខលីម។ ហើយសៀវភៅនេះសរសេរជាភាសាបារាំង រួចហើយបកប្រែមកជាភាសាខ្មែរដោយអ្នកបកប្រែដែលមាន បទពិសោធ និងទេពកោសល្យ គឺលោកស្រី បេ ពុច ។ ក្រៅពីនោះ លោកគ្រូ ឃីម សុខហេង ក៏បានអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅនេះរហូតដល់ទៅ៤ភាសា រួមមាន ភាសា បារាំង ខ្មែរ អង់គ្លេស និងចិន ហើយក្នុងពេលខាងមុខនឹងបន្ថែមភាសាជប៉ុន កូរ៉ ព្រមទាំងភាសាផ្សេងៗទៀតរហូតដល់១៦ភាសាផងដែរ៕








