ក្រុមមន្រ្តីនៃរដ្ឋ Virginia បាននិយាយថា មនុស្សប្រមាណជា ៤០នាក់ បានបាត់ខ្លួននៅ Buchanan កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បន្ទាប់ពីមានព្យុះដ៏ខ្លាំងមួយបានវាយប្រហារតំបន់នេះ ដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលទៅជាទឹកជំនន់។

មន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ ពុធ ថា មិនមានអ្នកស្លាប់ត្រូវបានបញ្ជាក់នោះទេ ហើយក្រុមអ្នកជួយសង្រ្គោះរំពឹងថា ចំនួនអ្នកបាត់ខ្លួននឹងមិនកើនឡើង។
ការិយាល័យតម្រួតតំបន់ Buchanan បាននិយាយនៅក្នុងការបង្ហោះសារលើបណ្ដាញសង្គមថា មានបុគ្គលចំនួន ៤៤នាក់ បានបាត់ការទាក់ទង ប៉ុន្ដែបានសង្កត់ធ្ងន់ថា នេះមិនមែនមានន័យថា មនុស្សបាត់ខ្លួននោះទេ គឺយើងចង់មានន័យថា យើងកំពុងព្យាយាមចូលទៅដល់ និង កំណត់ទីតាំងមនុស្សទាំងនោះ ហើយពិនិត្យមើលសុខុមាលភាពរបស់ពួកគេ។ ប៉ុន្ដែយ៉ាងណាក្ដីក្រុមមន្រ្តីនឹងបន្ដកិច្ចខិតខំប្រឹងប្រែងស្វែងរក និង ជួយសង្រ្គោះក្រុមទាំងនោះឲ្យមានសុវត្ថិភាព។

តំបន់ Buchanan ស្ថិតនៅព្រំប្រទល់នៃរដ្ឋ Virginia រដ្ឋ West Virginia និង រដ្ឋ Kentucky។
ភ្លៀងធ្លាក់កម្រិតពី ៤ ទៅ ៦អ៉ីញ បានវាយប្រហារតំបន់នេះក្នុងរយៈពេលប៉ុន្មានម៉ោង ពេញ ១យប់ ហើយក្រុមមន្រ្តីនិយាយថា កន្លែងរងផលប៉ះពាល់អាក្រក់បំផុត គឺនៅផ្នែកខាងក្រោមនៃខ្សែទឹកហូរ។

ទន្ទឹមនោះ អភិបាលរដ្ឋ Virginia លោក Glen Youngkin បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោក បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំចង់ឲ្យអ្នករស់នៅរដ្ឋ Virginia នៅក្នុងតំបន់ Buchanan ដឹងថា យើងកំពុងរកធនធានទាំងអស់ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ដោយសារព្យុះនេះ។ ស្របពេលយើងបន្ដវាយតម្លៃស្ថានភាព ខ្ញុំចង់អរគុណអ្នកឆ្លើយតបដំបូងរបស់យើង និង បុគ្គលិកជួរមុខទាំងអស់ សម្រាប់ការផ្ដល់ជំនួយជាមួយនឹងប្រតិបត្តិការដែលកំពុងបន្ដ»។

