ក្រុមបាតុករនៅប្រទេសស្រីលង្កាបានផ្គើននឹងការទប់ទល់ ពីកម្លាំងសន្តិសុខ ដោយតស៊ូជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែករបស់កងកម្លាំង ហើយសម្រុកចូលការិយាល័យនាយករដ្ឋមន្រ្តីបន្ទាប់ពីលោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស។

នៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃ ពុធ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe បាននិយាយថា លោកបានបញ្ជាយោធា និង ប៉ូលីស ឲ្យធ្វើអ្វីដែលចាំបាច់ដើម្បីស្ដារសណ្ដាប់ធ្នាប់ក្នុងប្រទេសឡើងវិញ ហើយបានបញ្ជាឲ្យដាក់ប្រទេសក្នុងគ្រាអាសន្ន និង​ បម្រាមគោចរស្របពេលដែលមានការផ្ទុះការតវ៉ាសារជាថ្មីនៅតាមដងផ្លូវ។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តីស្រីលង្ការូបនេះ មិនមានវត្តមាននៅការិយាល័យឡើយ ដោយលោកបានស្ថិតក្រោមការលាក់ខ្លួនអស់ជាច្រើនថ្ងៃ ចាប់តាំងពីក្រុមបាតុករបាននាំគ្នាដុតបំផ្លាញគេហដ្ឋានរបស់លោក កាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន ដែលពេលនោះរូបលោក និង ក្រុមគ្រួសារ ក៏មិនស្ថិតនៅទីនោះដែរ។

ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតនេះ ប្រជាជនស្រីលង្កាបានទាមទារឲ្យមេដឹកនាំកំពូលទាំង ២នាក់ ចុះចេញពីតំណែងដូចការសន្យានៅថ្ងៃ ពុធ ទី ១៣ សប្ដាហ៍នេះ ប៉ុន្ដែប្រធានាធិបតីបានចាកចេញពីប្រទេសមុនពេលប្រកាសលាលែងពីតំណែង។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រធានាធិបតីស្រីលង្កាបានទូរស័ព្ទប្រាប់ប្រធានាសភាថា រូបលោកនឹងផ្ញើលិខិតលាលែងពីតំណែងតាមការសន្យារបស់លោក ថ្វីត្បិតពេលនេះលោកមិននៅក្នុងប្រទេសយ៉ាងណាក៏ដោយ។

ប្រធានសភាស្រីលង្កា លោក Manhinda Yapa Abeywardena បាននិយាយយ៉ាងដូច្នេះថា «លោកប្រធានាធិបតីបានទាក់ទងមកខ្ញុំតាមទូរស័ព្ទ ហើយបានប្រាប់ថា រូបលោកនឹងធានាថា លិខិតលាលែងពីតំណែងរបស់លោក នឹងមកដល់ដៃខ្ញុំនៅថ្ងៃនេះ»។ លោកបន្ដថា «ខ្ញុំសូមទទូចឲ្យសាធារណជន មានភាពជឿជាក់ចំពោះដំណើរការនៃអំណាចនីតិបញ្ញាត្តិ ដែលយើងបានកំណត់ ដើម្បីតែងតាំងប្រធានាធិបតីថ្មី នៅថ្ងៃទី ២០ ខែ កក្កដា ហើយសូមទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់»។

ស្របពេលជាមួយគ្នា លោកនាយករដ្ឋមន្រ្តីស្រីលង្កា ក៏បានប្រកាសលាលែងពីតំណែងដូចគ្នាដែរ ប៉ុន្ដែដោយសារតែលោក Ranil Wickremesinghe ស្ថិតនៅក្នុងប្រទេស ដូច្នេះលោកត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី៕

ប្រភព៖ Aljazeera

Share.