ថ្មីៗនេះ សហរដ្ឋអាមេរិកតាមរយៈឯកឧត្ដម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រគល់ បានបញ្ជូនវត្ថុបុរាណដែលត្រូវបានលួច​ចេញ​​ចំនួន ២៧ អង្គ ត្រឡប់មកឱ្យកម្ពុជាវិញ។

ការប្រគល់នេះ បានធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា និងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង”។

គួរឱ្យដឹងថា ក្រៅពីប្រគល់វត្ថុបុរាណដ៏មានតម្លៃមកឱ្យកម្ពុជាហើយនោះ ខាងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានរៀបចំអំណោយថវិកាថ្មីមួយតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ នេះគឺជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦ ០០០ ដុល្លារ ដែលត្រូវបានផ្តល់រួចហើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្ត ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមួយនេះ។ សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ក្នុងនោះ ទឹកប្រាក់ចំនួន ៣,៥ លានដុល្លារ ប្រើប្រាស់សម្រាប់អភិរក្ស និងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែងផងដែរ៕

ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

Share.