ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ លោក សុង ប៊ុនរិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើអតីតមន្ត្រីACU ម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំតែអនុវត្ត៦ខែ ទោសសល់ព្យួរ ពាក់ព័ន្ធពីបទវិតិក្រម ពាក់ព័ន្ធអំពើពុករលួយ ។

ជនជាប់ចោទមានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ អតីតជាមន្ត្រីនាយកដ្ឋានកិច្ចការ គតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ រស់នៅរាជធានីភ្នំពេញ ជាប់ចោទពីបទវិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូន សាធារណជននិងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយ របស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនជាប់ចោទរូបនេះបានជាប់សង្ស័យប្រព្រឹត្តល្មើសដែលមានប្បញ្ញាតិក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ។

ACU បញ្ជាក់ថា លោក ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង ៕

អត្ថបទ៖ចតុមុខ

Share.