តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ព័ទ្ធចាប់ក្របួចជាប់ បន្ទាប់ពីធ្វើដំណើរពីភ្នំពេញ ទៅធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិនៅឯស្រុកកំណើត បានសម្រេចហើយព្យាយាមជិះរត់គេច ត្រូវបានម្ចាស់ដេញតាមធាក់ផ្តួលពីក្រោយ ដួលហើយស្រែកផ្អើលឆោឡោ ផ្អើលទាំងសមត្ថកិច្ចព័ទ្ធចាប់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យមានឈ្មោះ សុឹម សៅ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ឃឹម សាមុី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រីឯម៉ូតូដែលជនសង្ស័យលួចយកម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យធ្វើដំណើរចេញពីផ្ទះ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅស្រុកកំណើត ធ្វើសកម្មភាពលួចយកម៉ូតូរបស់ស្ត្រីរងគ្រោះ បានសម្រេចហើយ ព្យាយាមជិះរត់គេច ត្រូវបានជនរងគ្រោះជិះម៉ូតូផ្សេងមួយគ្រឿងទៀតដេញតាមបណ្តើរស្រែកឲ្យគេជួយបណ្តើរ តាមទាន់ធាក់ពីក្រោយដួល ត្រង់ចំណុចភូមិត្រពាំងកប្បាស ហើយជនសង្ស័យរត់គេចចូលផ្ទះអ្នកភូមិ ផ្អើលទាំងសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន ។កនរោយពីចាប់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.