លោកស្រី Ivana Trump ដែលជាភរិយាដំបូងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទទួលមរណភាពនៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កក្កដា (ម៉ោងក្នុងស្រុក) ក្នុងវ័យ ៧៣ឆ្នាំ នេះបើយោងតាមការបង្ហោះសារលើគណនីបណ្ដាញសង្គម Truth Social របស់លោក ត្រាំ។

នៅក្នុងសាររបស់លោក ត្រាំ បានសរសេរថា «អ្នកស្រី Ivana Trump បានទទួលមរណភាពនៅផ្ទះរបស់នាងក្នុងទីក្រុង New York។ Ivana ជាម្ដាយរបស់កូនច្បងខ្ញុំ ៣នាក់ នាងជាស្រ្តីដ៏អស្ចារ្យ និង ស្រស់ស្អាត ហើយនាងក៏បានដឹកនាំជីវិតគ្រួសារបានល្អផងដែរ។»

ទោះជាយ៉ាងណាលោក ត្រាំ មិនបានផ្ដល់ពីមូលហេតុនៃការស្លាប់របស់អតីតភរិយារបស់ខ្លួននោះទេ ប៉ុន្ដែកាសែត New York Times បានរាយការណ៍ថា មន្រ្តីអនុវត្តច្បាប់កំពុងស៊ើបអង្កេតថា តើនាងធ្លាក់ពីលើជណ្ដើរនៅឯអាផាតមេន ក្នុងទីក្រុង Manhattan របស់នាង ឬ យ៉ាងណា។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសទីក្រុង New York បានប្រាប់ AFP តាមរយៈសារអ៉ីមែលថា ក្រុមមន្រ្តីបានឆ្លើយតបនឹងការហៅទូរស័ព្ទនៅអាសយដ្ឋានរបស់នាងនៅ Upper East Side នៅម៉ោងប្រហែល ១២និង៤០នាទី យប់។

នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ ក៏បានសង្កេតឃើញថា មានស្រ្តីម្នាក់ដេកសន្លប់ រួចហៅទូរស័ព្ទទៅសេវាសង្រ្គោះបន្ទាន់ដើម្បីមកទទួល ប៉ុន្ដែពេលក្រុមជួយសង្រ្គោះមកដល់ទីតាំងកើតហេតុពិនិត្យឃើញថា ស្រី្តម្នាក់នេះបានបាត់បង់ជីវិតបាត់ទៅហើយ។

ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីការស្លាប់របស់អ្នកស្រីនៅឡើយទេ ដោយប៉ូលីសអះអាងថា ការស្លាប់របស់អ្នកស្រីមិនមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអ្វីនោះទេ ហើយអ្នកពិនិត្យ និង កោសល្យវិច័យរបស់ទីក្រុងនឹងកំណត់មូលហេតុនៃការស្លាប់។

អ្នកស្រី Ivana Trump ជាតារាម៉ូដែលដែលធំធាត់នៅក្រោមការគ្រប់គ្រងរបស់កុម្មុយនិស្ដនៅអតីតប្រទេសឆេកូស្លូវ៉ាគី។ នាងបានរៀបការជាមួយលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ ១៩៧៧ បន្ទាប់មកបន្ដអាជីពជាអ្នកអភិវឌ្ឍអចនទ្រព្យដ៏ល្បីម្នាក់ ហើយនាងជាស្រ្តីជោគជ័យក្នុងវិស័យជំនួញ​ ក្រោយមកពួកគេបានលែងលះគ្នាក្នុងឆ្នាំ ១៩៩២ ដោយបន្សល់ទុកកូនចំនួន ៣នាក់ ជាចំណងដៃ។ កូនទាំង៣ របស់លោក មានដូចជា លោក Donald Jr កើតនៅឆ្នាំ ១៩៧៧ អ្នកនាង Ivanka កើតនៅឆ្នាំ ១៩៨១ និង លោក Eric កើតនៅឆ្នាំ ១៩៨៤។

សូមជម្រាបថា Ivana Trump នាងធ្លាប់រៀបការចំនួន ៤ដង ក្នុង១ឆាកជីវិត។ មុនស្គាល់លោក ត្រាំ នាងធ្លាប់រៀបការ ១ដង រួចមកហើយ លោក ត្រាំ ជាស្វាមីទី២ ក្រោយលែងលះជាមួយលោក ត្រាំ នាងបានរៀបការជាមួយបុរសដទៃចំនួន ២ដង ទៀត៕

ប្រភព៖ CNA

Share.