សហរដ្ឋអាមេរិក និង ប្រទេសជាង ៤០ផ្សេងទៀត បានព្រមព្រៀងគ្នានាថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ (ម៉ោងក្នុងស្រុក) ដើម្បីសម្របសម្រួលដល់ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យថា បានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុង កៀវ អះអាងថា មីស៊ីលរបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលជាច្រើននាក់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយក្នុងសន្និសីទអន្តរជាតិថា មីស៊ីលរុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលសហគមន៍ចំនួន ២ នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន ២០នាក់ ក្នុងនោះមានកុមារ ៣នាក់ និង ជាច្រើននាក់ទៀតរងរបួស។

រុស្ស៊ីបានបដិសេធម្ដងហើយម្ដងទៀតនូវការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្រ្គាម និង ចោទប្រកាន់លើការដាក់គោលដៅលើជនស៊ីវិល ចាប់តាំងពីខ្លួនបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១។ ថ្វីបើរុស្ស៊ីអះអាងថា នេះជាប្រតិបត្តិការយោធាពិសេស មិនសង្រ្គាមយ៉ាងណាក្ដី ប្រទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងម៉ូស្គូកំពុងធ្វើសង្រ្គាមដណ្ដើមយកទឹកដីរបស់ខ្លួនដោយមិនញញើត។

លោក Zelensky បាននិយាយថា «ថ្ងៃនេះនៅពេលព្រឹក កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទីក្រុង Vinnytsia របស់យើង ដែលជាទីក្រុងធម្មតា និង សន្តិភាព។ មីស៊ីលបានវាយប្រហារកន្លែងសហគមន៍ចំនួន ២ ហើយផ្ទះប្រជាជនត្រូវបានបំផ្លាញ មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយក៏ត្រូវបានបំផ្លាញ រថយន្ដ និង រថភ្លើងត្រូវបានដុតបំផ្លាញដូចគ្នា» ដែលនេះជាអំពើភេរវកម្មរបស់រុស្ស៊ី។

ទាក់ទិននឹងការអះអាងពីភាគីនៃប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗ លើរបាយការណ៍ពីទីក្រុង Vinnytsia ទេ តែកន្លងមករុស្ស៊ីបានច្រានចោលការចោទប្រកាន់ជុំវិញការវាយប្រហារលើជនស៊ីវិល។

ដោយឡែកកាលពីថ្ងៃ ព្រហស្បតិ៍ នេះ ប្រទេសចំនួន ៤៥ រួមមានទាំងសហរដ្ឋអាមេរិកផងនោះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នយោបាយមួយ ដើម្បីធ្វើការរួមគ្នា និង សម្របសម្រួលដល់ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងសន្និសីទនៅទីក្រុង ឡាអេ នៃប្រទេស ហូឡង់ ដែលជាទីស្នាក់ការកណ្ដាលរបស់់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

ប្រទេសដែលចុះហត្ថលេខាខាងលើសេចក្ដីថ្លែងការណ៍នយោបាយខាងលើរួមមាន រដ្ឋជាសមាជិកសហភាពអឺរ៉ុប ក៏ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ម៉ិកស៉ិក និង អូស្រ្តាលី។

ពួកគេក៏បានសន្យាផ្ដល់ប្រាក់ចំនួន ២០លានអឺរ៉ូ (២០លានដុល្លារអាមេរិក) ដើម្បីជួយដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដូចជាការិយាល័យរបស់អគ្គរដ្ឋអាជ្ញានៅអ៊ុយក្រែន និង កិច្ចខិតខំប្រឹងប្រែងគាំទ្ររបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រភព៖ CNA

Share.