ភ្នំពេញ ៖ កុងតៃន័រមួយគ្រឿងបើកបើកបោះពួយវ៉ាជែងមិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុកទម្លុះរបងវត្ត ធ្លាយទៅបុកផ្ទប់នឹងចេតិយ បាក់ខ្ទេច រួញទាំងកាប៊ីនរថយន្ត ផ្អើលអស់ពលរដ្ឋ ព្រះសង្ឃក្នុងវត្តទ្រនំជ្រឹង ស្ថិតនៅតាមផ្លូវលេខ៤២ ចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។

រថយន្តបង្កហេតុ កុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2817 អូសសណ្តោងរុឺម៉កផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-0342 ។បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រមួយគ្រឿងខាងលើ បើកលឿនតាមបណ្តោយផ្លូវលេខ៤២ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកទម្លុះធ្លាយរបងវត្ត បន្តទៅបុកផ្ទប់នឹងចេតិយ បណ្តាលឲ្យបាក់បែកខ្ទេច រថយន្តរួញកាប៊ីន អ្នកបើកបរឃើញសភាពមិនស្រួលបានចុះគេចខ្លួនបាត់ស្រមោល ចោលតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ បណ្តាលឲ្យបាក់របងវត្តអស់៤ប្រឡោះ បាក់ចេតិយ រថយន្តខ្ទេចផ្នែកខាងមុខ ហើយត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក រងចាំតំណាងដោះស្រាយ ការខូចខាតរបងវត្ត និងចេតិយ ៕
អត្ថបទ÷តាតុង សែនជ័យ
