កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ជាកូនសិស្សលោក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ព្រះសង្ឃ ជិះយកទៅលាក់ទុកក្នុងព្រៃ បានមួយថ្ងៃរកឃើញ ។

សកម្មភាពចោរកម្មខាងលើកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវត្តគីរីឧត្ដមថ្មហោង ហៅវត្តល្ងឹម ក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះអឿន អីម ហៅ ឆក ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនសិស្សលោក ស្នាក់នៅក្នុងវត្តខាងលើ មានទីលំនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-9415 របស់ព្រះសង្ឃ ព្រះនាម ទិន គីម ព្រះជន្ម៣៦ព្រះវស្សា គង់នៅវត្តគីរីឧត្តមថ្មហោង ហៅវត្តល្ងឹម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីគណៈកម្មការវត្ត កម្លាំងសមត្ថកិច្ចសហការ ធ្វើការស្រាវជ្រាវ ទីបំផុតឃាត់ខ្លួនជនសង្ស័យបាន ក្រោយលួចម៉ូតូយកទៅលាក់ទុកក្នុងព្រៃអស់មួយថ្ងៃ ។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញនៃអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ÷ តាតុង សែនជ័យ
