ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូឆ្ពោះទៅធ្វើការងាររោងចក្រ ត្រូវបានក្រុមចោរស្ទាក់ឆក់ទាញយកកាបូបលុយទៅបាត់ដោយសុវត្តិភាព អស់លុយជាង១០មុឺនរៀល ទូរស័ព្ទដៃ កាត ឯកសារផ្សេងៗមួយចំនួនទៀត តែសំណាងល្អមិនដួលរងរបួស ព្រោះខ្សែកាបូបផុយ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ជាមួយភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។

ស្ត្រីរងគ្រោះមានឈ្មោះ សូត្រ ស្រីអូនអាយុ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ សម្ភារៈក្នុងកាបូប លុយជាង១០មុឺនរៀល កាតការងារ កាតអេធីអឹម ទូរស័ព្ទដៃ ម៉ាកOPPO កាតគ្រីម៉ូតូ កាតវ៉ាក់សាំង និងឯកសារមួយចំនួនទៀត ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IB-8370 ធ្វើដំណើរឆ្ពោះទៅរោងចក្រហ្វ័ត្រេស នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពាំងពីមុខ ហើយក៏មានជនសង្ស័យ២នាក់ផ្សេងទៀតជិះម៉ូតូហុងដាឌ្រីម មកឆក់ទាញយកកាបូបស្ពាយទៅបាត់ រួចក្រុមជនសង្ស័យនាំគ្នាជិះគេចទៅបាត់ សំណាងល្អមិនដួល ។
ក្រោយកើតហេតុជនរងគ្រោះ រួមដំណើរជាមួយប្តី ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យជួយស្រាវជ្រាវ ៕
អត្ថបទ÷ តាតុង សែនជ័យ
