ខេត្តាតកែវ ៖ បុរសជាអ្នករកស៊ីជំនួញជួញដូរវត្ថុបុរាណម្នាក់ ត្រូវបានដៃគូរក្នុងរបរវាយ២ពូថៅ ស្លាប់យើយអូសសពយកទៅទម្លាក់ចោលក្នុងទឹកស្រះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ លុះដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ប្រទះឃើញសព បែកធ្លាយរឿង ឃាត់ខ្លួនបានជនដៃដល់ ។

ជនសង្ស័យឈ្មោះ ទឹម វិបុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។ ចំណែកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថានៅឯខេត្តរតនគិរី មានអាវុធវែងមួយដើម ។

តាមការសារភាព ជនសង្ស័យបានឲ្យដឹងថា គាត់បានរកស៊ីជាមួយជនរងគ្រោះ(សព) យូរមកហើយ ក្នុងរបរជួញដូរ វត្ថុបុរាណ តែមួយរយៈនេះជនសង្ស័យបានប្រាប់ជនរងគ្រោះថា ឈប់រករបរជួញដូរបែបនេះហើយ ទើបជនសង្ស័យខឹង ចោទប្រកាន់គាត់ថា រមសុីក្បត់ មានរបស់ល្អលក់ឲ្យអ្នកផ្សេង ទើបជនរងគ្រោះ ធ្វើដំណើរពីខេត្តរតនគិរី ដល់ខេត្តតាកែវ រួមជាមួយអាវុធវែងមួយដើម ប្រភេទAK47 រុំបាវ ទៅដល់ផ្ទះជនសង្ស័យ គម្រាមបាញ់សម្លាប់ឈ្មោះ ទឹម វិបុល ចោល តែទាញបានពូថៅពីក្បាលដំណេក វាយ២ពូថៅ បានមុន បណ្តាលឲ្យស្លាប់បាត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រួចអូសយកទៅផ្លុងចោលក្នុងទឹកស្រះចំងាយពីផ្ទះ៣០០ម៉ែត្រ លុះដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោយមានអ្នកប្រទះឃើញសព បែកធ្លាយរឿង សមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅផ្នែកជំនាញនៃអធិការដ្ឋានក្រុងដូនកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ចំណែកសពង្រូវបានសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែងរកសាច់ញាតិ ៕

Share.