បាត់ដំបង÷ រយៈពេល ៦ ខែដើមឆ្នាំ ២០២២ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានការកើនឡើងខ្ពស់។

យោងតាមការឲ្យដឹងពីលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញនៅថ្ងៃទី ១ ៧ ខែកក្កដា នេះថា÷ គិតត្រឹមឆមាសទី ១ ដើមឆ្នាំ ២០២២ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកទស្សនាកម្សាន្តតាមតំបន់សក្តានុពលរបស់ខេត្តបាត់ដំបង កើនដល់ចំនួន ៥៤១ ២៩៩នាក់ ខណ:រយ:ដូចគ្នាដើមឆ្នាំ ២០២១ ភ្ញៀវមានចំនួនត្រឹមតែ ៨១ ៩៧២នាក់ប៉ុណ្ណោះ។

ទូរលេខអ្នកទេសចរណ៍កើនឡើងអំឡុងរយ:ពេល ៦ខែដើមឆ្នាំ ២០២២ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិសរុបចំនួន ២៦៦ ៩៤៨នាក់ កើនឡើង ២៣៤% ចំណែកឯភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ២៧៤ ៣៥១នាក់កើនឡើងចំនួន ២៧៤% ។

ប្រភពដដែលបានបន្តថា លំដាប់ថ្នាក់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចូលមកលេងទាំងរយ:វែង និងរយ:ខ្លីក្នុងភូមិសាស្ត្រខេត្តចំណាត់ថ្នាក់ផ្ការំដួល ៣ទង ភ្ញៀវទេសចរណ៍ជនជាតិបារាំងឈរនៅលេខរៀងនាំមុខមានចំនួន ១ ៨៧៩នាក់, ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ចំនួន ១ ២២១នាក់, ជនជាតិអាមេរិក ១ ០១០នាក់, ភ្ញៀវទេសចរណ៍ ជនជាតិចិន ៩៥២នាក់ និងភ្ញៀវជនជាតិជប៉ុនចំនួន ៤១១នាក់៕

អត្ថបទ÷ដំបងក្រញូង

Share.