ភ្នំពេញ÷ ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ត្រូវរថយន្តសណ្ដោងដឹកស៊ីម៉ង់ត៍កិនស្លាប់ខណៈពេលកំពុងជិះកង់មកពីទិញនំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងមួយកន្លែង ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ហែម ចាន់ហេង អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់ជាមួយម្តាយឪពុកក្នុងភូមិកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើនេះបានខ្ចីកង់មិត្តភក្កិជិះទៅទិញនំ ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តសណ្ដោងរម៉កមួយគ្រឿងដែលដឹកស៊ីម៉ងត៍ពេញលើរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្កាឈូកវពាក់ផ្លាកលេខក្រុងព្រះសីហនុ 3A-5450 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅបញ្ច្រាស់គ្នាពីត្បូងទៅជើង ដោយដោយផ្លូវចង្អៀត ក្មេងប្រុសខាងលើបានជិះអែបខាងស្ដាំ ក៏បានទាក់ដៃចង្កូតដួលទៅក្រោមកង់រថយន្ត បណ្ដាលឱ្យរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ចំណែកអ្នកបើកបររថយន្តខាងលើបានបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឯង សហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍អធិការដ្ឋានខណ្ឌច្បារអំពៅ និងនគរបាលជំនាញចរាចរណ៍ក្រុង បានចុះទៅដល់ទីតាំងកើតហេតុខាងលើដើម្បីធ្វើការវាស់វែង និងយករថយន្តនិងកង់ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពក្មេងប្រុសលើនេះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ÷ សេង សាវី

Share.