ភ្នំពេញ ៖ យុវជនម្នាក់កំពុងរៀនបើកបររថយន្តផ្ទាល់ខ្លួន អង្គុយអៀបដោយបងស្រី បើកៗជាន់ហ្គាច្រឡំ ធ្វើឲ្យរថយន្តបោលច្រឡោតស្ទុះទៅបុកផ្ទប់នឹងបង្គោលភ្លើង ធ្វើឲ្យរថយន្តខូចខាតខ្ទេចផ្នែកខាងមុខ ចំណែកបង្គោលភ្លើងពុំមានខូចខាត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ68K ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-2915 អ្នកបើកត្រូវបានគេដឹងថា ជាយុវជនម្នាក់កំពុងកាន់ដៃចង្កូតរៀនបើកបរ រួមដំណើរជាមួយបងស្រីម្នាក់ទៀត អង្គុយអៀប ជាអ្នកបង្រៀន ហើយគ្រាដែលកំពុងបើកតាមផ្លូវបេតុងខាងលើ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ច្រឡំហ្គា ធ្វើឲ្យរថយន្តបោលច្រឡោតទៅមុខ ស្លន់ពេក រេចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើង ធ្វើឲ្យរថយន្តរងខូចខាតខ្ទេចផ្នែកខាងមុខ ចំណែកបង្គោលភ្លើងពុំមានខូចខាត ។

ក្រោយកើតហេតុ យុវជនជាអ្នករៀនបើកបរ ភ័យពេក ចុះរត់ទៅផ្ទះបាត់ ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕
អត្ថបទ÷ តាតុង សែនជ័យ
