ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះក្នុងបន្ទប់នៃអគារព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងចេញទៅអន្តរាគមន៍ រកវិធីឡើងពន្លត់ ខណៈដែលចំណុចកើតហេតុ ស្ថិតនៅខ្ពស់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់លេខ១៧ ជាន់ទី៣៤ នៃអគារព្រីនស៍ ផ្លាហ្សា នៅតាមមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យឆេះនៅក្នុងបន្ទប់ជាន់ទី៣៤ នៃអគារព្រីនស៍ សង្ស័យផ្តើមចេញពីទុស្សខ្សែភ្លើង ។ភ្លាមៗ ក៏មានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីអង្គភាពផ្សេងៗ ចេញមកជួយអន្តរាគមន៍ និងរកវិធីសាស្ត្រឡើងទៅពន្លត់ភ្លើង ខណៈដែលចំណុចកើតហេតុ កើតឡើងនៅទីខ្ពស់ ។

ករណីអគ្គិភ័យខាងលើកនេះ បានរលត់ទៅវិញនៅវេលាម៉ោង១០ និង៣៥នាទីយប់ថ្ងៃដដែល ដោយកម្លាំងអន្តរាគមន៍ ឡើងថ្មើរជើងដើម្បីជួយពន្លត់៕
អត្ថបទ÷ ទូច វិច្ឆិកា
