គេហទំព័រព័ត៌មានស្រីលង្កា Ada Derana បានរាយការណ៍កាលពីថ្ងៃ សៅរ៍ ដោយដកស្រង់សម្ដីមេដឹកនាំគណបក្ស Maithripala Sirisena ថា គណបក្សសេរីភាពស្រីលង្កា ដែលជាកម្លាំងដ៏ធំបំផុតមួយក្នុងចំណោមក្រុមចម្រុះកំពុងកាន់អំណាច បានបដិសេធមិនតែងតាំងបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនោះទេ។

បើតាមការលើកឡើងរបស់មេដឹកនាំបក្ស Maithripala Sirisena បានឲ្យដឹងថា គណបក្សរបស់លោកនឹងអវត្តមានក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយសារតែមានបេក្ខជនជាច្រើន បានប្រកាសពីចេតនារបស់ពួកគេក្នុងការឈរឈ្មោះ។
ប្រទេសស្រីលង្កា កាលពីចុងសប្ដាហ៍មុននៅទីក្រុង កូឡុំបូ ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសស្រីលង្កា ត្រូវបានរង្គោះរង្គើដោយការតវ៉ាដ៏ខ្លាំងក្លាពីក្រុមអ្នកតវ៉ាប្រឆាំងនឹងអតីតប្រធានាធិបតី ដែលបណ្ដាលមកពីការមិនពេញចិត្តចំពោះភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។

បន្ទាប់ពីភាពចលាចលនេះ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe ដែលត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទីជំនួសអតីតប្រធានាធិបតីដែលភៀសខ្លួនចេញពីប្រទេស ដោយលោក Wickremesinghe ត្រូវបានហៅកិច្ចប្រជុំបន្ទាន់មួយរបស់មេដឹកនាំគណបក្សនយោបាយ ដែលទាមទារឲ្យទាំងនាយករដ្ឋមន្រ្តី និង ប្រធានាធិបតី លាលែងពីតំណែងជាបន្ទាន់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ស្រីលង្កានឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ កក្កដា នៅក្នុងសភានៃប្រទេសរបស់ខ្លួន ហើយប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃទី ២០ ខាងមុខនេះ នឹងធ្វើជាប្រមុខរដ្ឋរហូតដល់ផុតកំណត់អាណត្តិមុនរបស់គាត់៕

