ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្ត ល្បឿនលឿនរេចង្កូត បុកបង្គោលស្លាកសញ្ញាភ្លើងស្តុបបណ្ដាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនវត្តលង្កា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRav4 មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ2D-0107 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច។
លុះពេលធ្វើដំណេីរមកដល់ត្រង់ចំណុចកើតហេតុស្តុបវត្តលង្កា ដោយបើកបរក្នុងស្ថានភាពលឿន បានរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាភ្លេីងស្តុបពេញទំហឹង បណ្ដាលឲ្យរថយន្តរងខ្ទេចខាងមុខទាំងស្រុង។

ក្រោយកេីតហេតុ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យ នឹងធ្វើការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ÷ ទូច វិច្ឆិកា
