គេនៅចាំបានថា មុនពេលឈានដល់វគ្គ Live Show សប្ដាហ៍ទី ១ បេក្ខជន អែម អាត ត្រូវបានម្ចាស់វង់តន្ត្រីមួយចេញមកទម្លាយពីចរិតពិតខ្ទេចខ្ទីនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ផឹកទឹកបំភ្លេចប្រភពដើម រហូតធ្វើឱ្យមហាជនផ្ដោតការចាប់អារម្មណ៍គ្រប់គ្នា និងដាក់បន្ទោសទៅលើបេក្ខជនរូបនេះខ្លាំង ដោយខ្លះថាមិនសមឱ្យកើតរឿងបែបនេះឡើងក្នុងពេលប្រលងទាល់តែសោះ។

មិនយូរប៉ុន្មានទេ ស្រាប់តែម្ចាស់គណនីម្ចាស់វង់តន្ត្រីដដែលនោះ បានមកបង្ហោះសារបកស្រាយពីរឿងទំនាស់ខ្លួន និង បេក្ខជន អែម អាត ដោយលើកឡើងថា គឺគ្រាន់តែជារឿង Prank ឬជាលលេង ដែលខ្លួនបង្កើតឡើងដើម្បីជួយឱ្យបេក្ខជនរូបនេះ មានមហាជនកាន់តែស្គាល់ច្រើនប៉ុណ្ណោះ។ ក៏ប៉ុន្តែការលើកឡើងនេះហាក់មិនទទួលបានការសាទរពេញចិត្តពីមហាជននោះឡើយ ដោយសារតែគេយល់ថា ជាទង្វើបំពុលសង្គម ខណៈដែលអ្នកខ្លះ ទៀតបែរជាបោះសម្ដីថា មិនខ្វល់ព្រោះមិនស្គាល់បេក្ខជន អែម អាត នោះឡើយ។
រហូតដល់ថ្ងៃនៃវគ្គ Live Show សប្ដាហ៍ទី ១ បេក្ខជន អែម អាត បានបង្ហាញខ្លួនលើឆាកតន្ត្រីដ៏អស្ចារ្យ និងបានបកស្រាយបទចម្រៀងដែលខ្លួនពេញចិត្ត ឱ្យមហាជន និងគណៈកម្មការបានទស្សនាពីសមត្ថិភាពខ្លាំងរបស់ខ្លួន។ នៅក្នុងវគ្គ Live Show សប្ដាហ៍ទី ១ នេះ គេអាចនិយាយបានថា អែម អាត ក៏ជាបេក្ខជនខ្លាំងមួយរូបក្នុងចំណោម ១៦ រូបផ្សេងទៀតផងដែរ។


ជាការពិតណាស់ ការសម្រេចជោគវាសនារបស់បេក្ខជន អែម អាត គឺមិនស្ថិតនៅលើដៃរបស់គណៈកម្មការទាំង ៤រូបទៀតឡើយ ពោលគឺ មានតែមហាជនជាអ្នកសម្រេចជោគវាសនាឱ្យបេក្ខជនដែលពួកគេពេញចិត្ត តាមរយៈការបោះឆ្នោតផ្ញើសារ។
ជាលិទ្ធផលចុងក្រោយ មានបេក្ខភាព ២រូបត្រូវរបូតចេញពីក្នុងកម្មវិធីកាលពីយប់មិញនេះ យ៉ាងគួរឱ្យសោកស្ដាយ ដែលនៅក្នុងគឺមានវត្តមានរបស់ អែម អាត ដែលនោះក៏ព្រោះតែលោកទទួលបានសំឡេងសារតិចជាងគេបំផុត។ ការពិត មែនទែនទៅ គេសម្គាល់ឃើញថា ក្រោយការទម្លាយរបស់ម្ចាស់វង់តន្ត្រីពីរឿងទំនាក់ជាមួយ អែម អាត ថាជារឿងលលេងសើចឱ្យមហាជនចាប់អារម្មណ៍នោះ គឺពិតជាបានធ្វើឱ្យបេក្ខជនរូបនេះ បាត់បង់សំឡេងសារពីមហាជនយ៉ាងច្រើន រហូតដល់របូតចេញពីកម្មវិធីបែបនេះ។

ក្រោយពីការចាកចេញពីកម្មវិធី Cambodia Idol រដូវកាលទី ៤ បេក្ខជន អែម អាត បានលើកឡើងថា ធម្មតាការប្រឡងមានជាប់មានធ្លាក់ លោកពិតជាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្រតាំងតែវគ្គដំបូងមក រហូតដល់វគ្គ Live Show សប្ដាហ៍ទី ១ នេះ៕

