មេប៉ូលីស Greenwood លោក Jim Ison បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ៣នាក់ នៅពេលដែលជនល្មើសរូបនោះបានបើកការបាញ់ប្រហារនៅក្នុងអាហារដ្ឋាននៃផ្សារទំនើបមួយនាជាយក្រុង Indianapolis កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១៧ ខែ កក្កដា នេះ។
សារព័ត៌មាន Indianapolis Star បានរាយការណ៍ថា មនុស្ស ២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុដែលបានកើតឡើងនៅពេលល្ងាចនៅផ្សារទំនើប Greenwood Park Mall។

យោងតាមមេប៉ូលីស Greenwood លោក Ison បាននិយាយថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ដោយបុរសម្នាក់ ដែលឃើញការបាញ់ប្រហារនេះ ដោយបុរសរូបនោះបានប្រើកាំភ្លើងខ្លីបានសម្លាប់ជនល្មើសដោយខ្លួនឯង។ ស្របពេលជាមួយគ្នានោះ ប៉ូលីសជឿថា ជនសង្ស័យមានកាំភ្លើងវែងមួយដើម និង មានគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយបានធ្វើសកម្មភាពតែម្នាក់ឯងទេ។
ទោះជាយ៉ាងណា ប៉ូលីសមិនបានបញ្ចេញឈ្មោះជនរងគ្រោះ ខ្មាន់កាំភ្លើង និង អ្នកដែលបាញ់ជនល្មើសនោះទេ។ ចំណែកឯអាជ្ញាធរកំពុងឆែកហាងលក់ទំនិញ រកជនរងគ្រោះផ្សេងទៀត ដោយមូលហេតុនៃការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ក្រុមមន្រ្តីបាននិយាយថា កាបូបស្ពាយរបស់ជនសង្ស័យមួយ ត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកក្បែងកន្លែងកើតហេតុ ខណៈក្រុមដោះគ្រាប់បែកកំពុងធ្វើការពិនិត្យកាបូបស្ពាយនោះ។
សូមជម្រាបថា ការបាញ់ប្រហារនេះកើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភជាខ្លាំងជុំវិញការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងលើតំបន់សំខាន់ៗនៃបណ្ដារដ្ឋនីមួយៗ៕
ដោយឡែងគណៈកម្មាធិការសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃ សុក្រថា គណៈកម្មាធិការតុលាការរបស់សភាអាមេរិកនឹងលើកយកច្បាប់ដែលបានស្នើឡើងក្នុងសប្ដាហ៍នេះ ដែលរួមមានការហាមឃាត់ការប្រើអាវុធខុសច្បាប់ ដោយរំពឹងថាច្បាប់នេះនឹងឆ្លងកាត់ព្រឹទ្ធសភា៕

