ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើប  បុករះម៉ូតូកង់បី ចំនួន ៣គ្រឿងបណ្តាលឲ្យរងការខូចខាត រួចបន្តបើក រថយន្ដគេចចេញពីកន្លែងកើតហេតុដល់ត្រង់ចំណុចវត្តថាន់ តែត្រូវបានប្រជាពលរដ្ធ ឃាត់រថយន្តបាន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ត្រង់ចំណុចខាងមុខអាគាព្រីនផ្លាហ្សា នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យបានដឹងថា នៅមុនពេល កើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក Lexus NX200T មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8855 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ មហាវិថីព្រះនរោត្តម ក្នុងទិសដៅពីស្ពានអាកាសក្បាលខ្នល់ឆ្ពោះទៅកាន់វិមានឯករាជ្យ។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយបើកបរក្នុងស្ថានភាព ល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូត ទៅបុករះកង់បីចំនួន ៣គ្រឿង ដែលចតលើខឿនផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

 បន្ទាប់ ពីកើតហេតុរថយន្តក៏បន្តធ្វើដំណើរបើករត់គេចខ្លួនចេញពីកន្លែងកេីតហេតុ តែត្រូវបានប្រជាពលរដ្ឋជិះដេញតាមឃាត់រថយន្តត្រង់ចំណុចខាងមុខវត្តថាន់ រួចរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះមកធ្វេីការអន្តរាគម៍។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាក្រោមការជួយសម្រួលពីសមត្ថកិច្ច ដោយភាគី ម្ចាស់ រថយន្តបង្កយល់ព្រមសងសំណងថ្លៃខូចខាត  ជូនទៅភាគីម្ចាស់ម៉ូតូកង់បី  ក្នុងម្នាក់ចំនួន 500 ដុល្លារដើម្បីបញ្ជប់រឿងនៅកន្លែងកេីតហេតុ ៕

អត្ថបទ៖លី សុភ័ស្ត

Share.