ភ្នំពេញ ៖ ស្ត្រីវ័យ១៨ឆ្នាំម្នាក់បានស្លាប់នៅពេលរថយន្តគ្លីនិកដឹកយកទៅ បន្ទាប់ពីម្តាយប្រើ ជិះកង់ទៅទិញ ឈាមជ្រូក លុះវិលត្រឡប់មកវិញត្រូវបានរថយន្តអូសសណ្តោងពោងសុីម៉ង់ត៍បុកកិន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងQMI កែងផ្លូវជាតិលេខ៤ ចំណុចភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ែន ចង្រឹត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ លក់បបរ កំព្រាឪពុក រស់នៅតែពីរនាក់ម្តាយ ឈ្មោះ ម៉ែន ចាន់ឌី អាយុ៧២ឆ្នាំ មានទីលំនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្បែរកន្លែងកើតហេតុ ។

បើតាមស្ត្រីជាម្តាយ មុនកើតហេតុគាត់ប្រើកូនស្រីជិះកង់ទៅផ្សារជម្ពូវ័ន រកទិញឈាមជ្រូក លុះទិញបានហើយ ជិះកង់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់បែបនេះទៅវិញ ។

បើតាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះកង់ពណ៌ខ្មៅ ពីត្បូងទៅជើង គ្រាដែលឆ្លងផ្លូវ ស្រាប់តែរថយន្តអូសសណ្តោងពោងសុីម៉ង់ត៍ ម៉ាកCHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-0739 សណ្តោងសុីទែនពោង ពាក់ស្លាកលេខ ភ្នំពេញ 4A-7600 បើកពីជើងទៅត្បូង បុកកង់ជនរងគ្រោះហើយ កិន បណ្តាលឲ្យរងរបួសធ្ងន់ ។ជាអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ គ្រាដែលរថយន្តគ្លីនិកឯកជនដឹកយកទៅ ឃើញសភាពមិនស្រួលជនបើកបររថយន្តចុះគេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងកង់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្តែង រួចបានប្រគល់សពជូនម្តាយជនរងគ្រោះដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត រួមជាមួយកង់ ត្រូវបាននគរបាលការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.