
យោងតាមការចុះផ្សាយរបស់គេហទំព័រ TheThao247.vn សារព័ត៌មានវៀតណាមបានសរសេរថាសហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្ញើលិខិតកោះហៅកីឡាករឈ្មោះ ឌិន ស៊ីដិន ដែលមានកម្ពស់ «គួរឲ្យខ្លាច» រហូតដល់ ១.៩៧ម៉ែត្រ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងផ្ទះខ្លួនឯង(កម្ពុជា)។
សម្រាប់ការកោះហៅនេះគឺជាលើកទី២ហើយចំពោះកីឡាករ ឌិន ស៊ីដេន ចូលក្នុងក្រុមជម្រើសជាតិ បន្ទាប់ពីខកខានរយ:ពេលយូរ ដោយសារបញ្ហាសុខភាព។
សារព័ត៌មានវៀតណាមបន្តទៀតថា៖«បាល់ទះបុរសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ កម្ពុជាបានយកម្ចាស់មេដាយមាស៨ជំនាន់ថៃ ដោយលទ្ធផល៣សិតទល់២សិត ទទួលបានមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ»។
គួរដឹងថាក្រោយចប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានស្នើទៅកាន់ប្រធានក្លិបកីឡាបាល់ទះចំនួន៤ ដែលមានដូចជា ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបកីឡាករបាល់ទះខេត្តតាកែវ, សមាគមកីឡាបាល់ទះខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីស្នើសុំកីឡាករ មកពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាករចំនួន៧រូបត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២២ មានដូចជា៖
– ប៊ន ណារិទ្ធ (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– មឿន ម៉េងឡាយ (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– មាស វាសនា (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– ខុម ហុងទ្រី (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– ម៉ុន ដារ៉ា (ក្លិបកីឡាករបាល់ទះខេត្តតាកែវ)
– សេង គឹមហាប់ (សមាគមកីឡាបាល់ទះខេត្តសៀមរាប)
– ឌិន ស៊ីដែន (ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម)៕



