មន្រ្តីអាកាសចរណ៍បាននិយាយថា យន្ដហោះអាកាសចរណ៍ខ្នាតតូច ២គ្រឿង បានបុកគ្នានៅអាកាសយានដ្ឋាន North Las Vegas បណ្ដាលឲ្យមនុស្សនៅលើយន្ដហោះទាំង ២គ្រឿង បាត់បង់ជីវិត។

ឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃ អាទិត្យ សប្ដាហ៍មុននេះ វេលាម៉ោង ១២ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅអាកាសយានដ្ឋានមួយក្នុងរដ្ឋ Nevada នៃសហរដ្ឋអាមេរិក។

នាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុង North Las Vegas បានប្រកាសតាមបណ្ដាញសង្គម Twitter ថា «មនុស្សចំនួន ៤នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់​ ខណៈឧបទ្ទវហេតុនោះ កំពុងបន្ដស្ថិតក្រោមការស៊ើបអង្កេត»។

អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតលើសោកនាដកម្មខាងលើដែលពាក់ព័ន្ធជាមួយយន្ដហោះធុន Piper PA-46 ១គ្រឿង និង យន្ដហោះធុន Cessna 172N ១គ្រឿងទៀត សុទ្ធតែជាយន្ដហោះខ្នាតតូចដូចគ្នា។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា យន្ដហោះធុន Piper PA-46 បានធ្លាក់ចូលទៅក្នុងវាលមួយនៅខាងកើតផ្លូវ Runway 30-Right ហើយយន្ដហោះធុន Cessna បានធ្លាក់ចូលទៅក្នុងស្រះទឹក ដោយយន្ដហោះនីមួយៗជិះគ្នា ២នាក់។ ខណៈនាយកដ្ឋានអាកាសចរណ៍ Clark County បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មិនមានអ្នកណាម្នាក់នៅរស់រានមានជីវិតនោះទេ។

ដោយឡែកនាយកដ្ឋានអាកាសចរណ៍បាននិយាយថា ប៉ុន្មានម៉ោងក្រោយពីឧប្បត្តិហេតុយន្ដហោះបុកគ្នារួច អាកាសយានដ្ឋាននៅតែបើកផ្លូវសម្រាប់ចរាចរណ៍ផ្លូវអាកាស ដោយផ្លូវរត់ចំនួន ២ ត្រូវបានបិទនៅពេលល្ងាច ដើម្បីអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតធ្វើការត្រួតពិនិត្យ៕

ប្រភព៖ CBS News

Share.