ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមបង្កជម្លោះ ឈានដល់ប្រើហិង្សា ប្រដាប់ដោយកាំបិតបុ័ងតោ ដេញកាប់ ដេញគប់ ទៅ លើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសជើងស្រាលម្នាក់ ផ្អើលអស់ពលរដ្ឋ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានក្រុមបង្ក២នាក់ រត់គេចខ្លួនបាត់៣នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចការ៉ាស់សាំងតេលា មុខវិទ្យាល័យជម្ពូវ័ន កែងផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនបង្កឃាត់ខ្លួនបាន២នាក់ ទី១ ឈ្មោះសូរ សំណាង អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ រី សុខលាង ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា ។

បើតាមចម្លើយសារភាព យុវជនឈ្មោះ សូរ សំណាង បានឲ្យដឹងថា ខ្លួននិងដៃគូម្នាក់ទៀតខឹង គុំ ភាគីខាងជនរងគ្រោះដែលបានវាយទៅលើក្រុមរបស់គេ ទើបនៅរសៀលថ្ងៃនេះ ពួកគេមានគ្នា៥នាក់ មានកាំបិតបុ័ងតោមួយដើម មកតាមឈ្លោះ សងសឹកវិញ ។លុះប្រទះឃើញភាគីខាងក្រុមជនរងគ្រោះគ្នា៣នាក់នៅត្រង់ចំណុចកើតហេតុ ក៏បានចូលទៅក្នុងបំណងកាប់ តែមិនត្រូវ ព្រោះ៣នាក់នោះរត់គេច ទើបកប់កាំបិតបុ័ងតោតែម្តង ត្រូវចំជើង ផ្អើលឆោឡោ កម្លាំងសមត្ថកិច្ចក្បែរនោះឃាត់ខ្លួនបាន២នាក់ បក្ខពួក៣នាក់ទៀតរត់គេចទៅបាត់ស្រមោល ។

បន្ទាប់ពីឃាត់ខ្លួនបានជនបង្ក២នាក់ រួមជាមួយបុ័ងតោមួយដើម សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ រួមជាមួយភាគីរងគ្រោះដាក់ពាក្យបណ្តឹងផងដែរ ដើម្បីឲ្យសមត្ថកិច្ចមានចំណាត់ការ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.