ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ កាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សង្ស័យរឿងផ្ទុះជមហលោះហឹង្សាក្នុងគ្រួសារ ដោយចាក់លើបងប្រុសរបស់ខ្លួន បណ្តាលឲ្យស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរ។

ស្ត្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ាសត៍ ជនជាតិខ្មែរឥស្លាម អាយុ៤០ឆ្នាំ រស់នៅផ្ទះ កន្លែងកើតហេតុ ។ ចំណែកបងប្រុសបង្កើតដែលបានស្លាប់ មានឈ្មោះ ឡោះ សុគ្រី ជនជាតិខ្មែរឥស្លាម អាយុ៤១ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅជាមួយគ្នា ។
បើតាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឮសូរសម្លេងឈ្លោះគ្នារវាងបងប្រុស និង ប្អូនស្រី រហូតដល់ប្អូនស្រី ប្រើប្រាស់កាំបិតចាក់ទៅលើបងប្រុស បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រាប់តែដល់វេលាម៉ោង១០យប់ថ្ងៃដដែល ឮព័ត៌មានថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ដឹកសពវិលមកផ្ទះវិញ ។ ប្រភពបន្តទៀតថា ដោយយប់កាន់តែជ្រៅទៅហើយ អ្នកផ្ទះក្បែរខាងក៏ដេកសម្រាកដែរ ចំណែកអ្នកផ្ទះរបស់ជនរងគ្រោះក៏ស្ងាត់ទៀត ទើបតែនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បែកធ្លាយរឿង មនុស្សស្លាប់ទាំងអាថ៌កំបាំង ពលរដ្ឋងឿងឆ្ងល់ មិនឃើញធ្វើបុណ្យ បែជាយកសពទៅបញ្ចុះ (កប់)បាត់ ស្ងាត់ឈឹង ។

ក្រោយពីមានភាពភ្ញាក់ផ្អើល ទើបកម្លាំងសមត្ថកិច្ចចុះទៅសាកសួរ ជំហានដំបូង ត្រូវបានម្តាយ អ្នកទាំង២ ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ស្លាប់ដោយជម្ងឺ ឈឺរាំរ៉ៃជាង១០ឆ្នាំហើយ ទើបមិនហ៊ានធ្វើបុណ្យតាមបែបសាសនា ។ តែទោះជាបកស្រាយយ៉ាងណាក្តី សពស្លាប់មួយទាំងមូល មិនមានលិខិតស្នាម បញ្ជាក់ ធ្វើឲ្យសមត្ថកិច្ចដាក់ការសង្ស័យ រហូតដល់សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ គាស់សពមកធ្វើកោសល្យវិច័យ ឃើញមានរបួសស្នាម មិនមែនស្លាប់ដោយសារជម្ងឺនោះទេ ។

ក្រោយពីពិនិត្យដឹងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះហើយ នៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាប្អូនរបស់សព សង្ស័យចាក់សម្លាប់បងប្រុសរបស់ខ្លួន នាំទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

