ស្ទឹងត្រែង ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងឧប្បត្តិហេតុផ្ទុះធុងឧស្ម័ននៅក្នុងរោងចក្រផលិតទឹកកក មួយកន្លែង យុីហោ បានមានលាភ ខណៈដែលជាងកំពុងជួសជុលធុង កាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលម៉ាសុីនផលិតទឹកកកកំពុងដំណើរការ ហើយ ក្រុមជាងកំពុងធ្វើការជួសជុលធុង ស្រាប់តែផ្ទុះធុងឧស្ម័ន ធ្លាយហ្គាស បង្កឲ្យរងរបួសមនុស្ស៣នាក់ទាំងថៅកែ ទាំងកម្មករ ធ្ងន់២នាក់ ស្រាល១នាក់ ។

ជនរងគ្រោះរបួសស្រាល ជាថៅកែរោងចក្រមានឈ្មោះ ម៉ៅ សារឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅកន្លែងកើត ហេតុ ចំណែកជនរបួសធ្ងន់២នាក់ ជាកម្មករត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
អត្ថបទ៖ តាតុង សែនជ័យ

