ប្រធានាធិបតីរុស្ស៊ី លោក វ្លា ឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ ច័ន្ទ សប្ដាហ៍នេះថា ប្រទេសរុស្ស៊ីមិនអាចអភិវឌ្ឍតែម្នាក់ឯងក្នុងពិភពលោកបានឡើយ ប៉ុន្ដែភាពឯកោសម្រាប់រុស្ស៊ីនឹងមិនកើតឡើងទេ ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។

មេដឹកនាំរុស្ស៊ីបានបន្ដថា ទីក្រុងម៉ូស្គូនឹងមិនទាល់ច្រកចំពោះការខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរឹតបន្តឹង ឬ សូម្បីតែបិទទាំងស្រុងនូវការទទួលបានផលិតផលបច្ចេកវិទ្យាខ្ពស់នោះ។

លោក ពូទីន បាននិយាយថា «នៅក្នុងពិភពលោកសម័យទំនើប វាមិនអាចទៅរួចទេ បើគ្រាន់តែគូសរង្វង់ជុំវិញអ្វីមួយហើយរុំព័ទ្ធវា»។ លោកថា «យើងនឹងមិនចុះចាញ់ ឬ មានការភ័ន្ដច្រឡំនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ឡើយ។ ពិតណាស់មិនមែនទេ។ ផ្ទុយទៅវិញ ទោះទទួលស្គាល់នូវការលំបាកដ៏ធំសម្បើមដែលយើងប្រឈមមុខក៏ដោយ យើងនឹងស្វែងរកដំណោះស្រាយថ្មីៗយ៉ាងសកម្ម ប្រើប្រាស់ទុនបម្រុងបច្ចេកវិទ្យាដែលមានស្រាប់របស់យើងប្រកបដោយប្រសិទ្ធភាព និង ការអភិវឌ្ឍន៍ដល់ក្រុមហ៊ុនច្នៃប្រឌិតក្នុងស្រុក”។

ជាផ្នែកមួយនៃយន្ដការអនុញ្ញាតឲ្យរុស្ស៊ី យកឈ្នះលើបញ្ហាដែលបណ្ដាលមកពីការដាក់ទណ្ឌកម្ម លោក ពូទីន បានចុះបញ្ជី ដាក់ដើមទុនឯកជននៅក្នុងក្រុមហ៊ុនរុស្ស៊ី និង កិច្ចខិតខំប្រឹងប្រែងបន្ថែម និង ការគ្រប់គ្រងដល់គម្រោងបច្ចេកវិទ្យាខ្ពស់ៗ។

កាលពីដើមខែ កក្កដា ប្រធានាធីបតីរុស្ស៊ីបានទទួលស្គាល់ថា ហានិភ័យជាច្រើនដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មនៅតែមាន ប៉ុន្ដែបានគូសបញ្ជាក់ថា ការរឹតបន្តឹងរបស់លោកខាងលិច​ គឺជះឥទ្ធិពលដល់អ្នកដែលដាក់ទណ្ឌកម្មទៅវិញទេ។

សហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនបានប្រឈមមុខនឹងការកើនឡើងនៃអតិផរណា និង តម្លៃថាមពលកើនឡើងយ៉ាងខ្លាំង​ បន្ទាប់ពីមានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

កាលពីដើមសប្ដាហ៍នេះ សហភាពអឺរ៉ុបបានពិចារណាលើគំនិតនៃការផ្លាស់ប្ដូរចំពោះទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងឧស្ម័ន ប្រេង និង ជី។ វិធានការនេះត្រូវបានណែនាំជាមធ្យោបាយដែលអាចធ្វើទៅរួច ដើម្បីជៀសវាងហានិភ័យនៃការរារាំងការនាំចេញស្បៀងអាហារ៕

ប្រភព៖ Sputnik

Share.