ភ្នំពេញ ៖ លាក់បាំងលែងជិត ស្ត្រីជាប្អូនស្រីបានសារភាពថា ខ្លួនប្រើប្រាស់កាំបិត ចុងស្រួច ចាក់លើបងប្រុសរបស់ខ្លួនឯង បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ហើយដឹកមក ដល់ផ្ទះលួចកប់សពចោល។
ករណីនេះ ធ្វើឲ្យពលរដ្ឋ សមត្ថកិច្ច សង្ស័យ ដោយសារគេបានយកសពទៅ កប់ទាំង អាថ៌កំបាំង។ក្រោយមក សមត្ថកិច្ចចុះពិនិត្យ កោសល្យវិច័យ ឈានដល់ឃាត់ខ្លួនស្ត្រី សង្ស័យ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចផ្ទះលេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ឡោះ ហាលីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ(មានជំងឺសរសៃប្រសាទ)។ ចំណែកជនរងគ្រោះជាបងឈ្មោះ ឡោះ សុខគ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលាងម៉ូតូមាន ទីលំនៅផ្ទះ លេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជុំវិញករណីហឹង្សាបណ្តាលឲ្យមនុស្សស្លាប់ខាងលើ ផ្តើមចេញពីជម្លោះបងប្អូន (ជនស្ស័យ និងជនរងគ្រោះ) ឈានដល់ប្អូនស្រីយកកាំបិតចុងស្រួចចាក់លើបងប្រុស បណ្តាលឲ្យរង របួសធ្ងន់ កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែត្រ បានស្លាប់ រួចដឹកវិលត្រឡប់មកផ្ទះវិញ លួចយកសពទៅកប់ យ៉ាងស្ងាត់ស្ងៀម លុះដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបពលរដ្ឋងឿងឆ្ងល់ ផ្អើលឆោឡោ បែកធ្លាយរឿង សមត្ថកិច្ចចុះទៅសាកសួរ ភូតកុហកទាំងសមត្ថកិច្ចទៀត ថាជន រងគ្រោះ ស្លាប់ដោយសារជំងឺ។ តែទីបំផុត បន្ទាប់ ពីគាស់សពឡើង ពិនិត្យកោសល្យវិច័យទើបដឹងថា ស្លាប់ដោយមានស្នាមរបួស។ សមត្ថកិច្ចឃាត់ស្ត្រីជាប្អូន ហើយក៏ជាជនសង្ស័យនាំទៅ សាកសួរនៅផ្នែកជំនាញ ទីបំផុតជនសង្ស័យបានសារភាពថា ពិតជាបានចាក់បងប្រុស បង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ពិតមែន ៕

អត្ថបទ៖តាតុង សែនជ័យ
