សៀមរាប ៖ ក្មេងប្រុស២នាក់បងប្អូន ជួបគ្រោះអកុសល លង់ទឹកស្លាប់ បន្ទាប់ពីជីតាហៅនាំទៅលេងផ្ទះ ហូបបាយរួចប្រាប់ឲ្យកាន់បោយទៅងូតទឹកពាងនៅក្រោយផ្ទះ។លុះ បាត់ចៅយូរពេក ហៅចៅមិនឆ្លើយ តាមទៅ រក មើល ស្រាប់តែឃើញបោយអណ្តែតទឹកស្រះ សង្ស័យចុះរាវ ទើបដឹងថា ចៅប្រុសទាំង២នាក់ មិនបាននាំគ្នា ងូតទឹកពាងឯណា នាំគ្នាចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ទៅវិញ។ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាថ្ងៃត្រង់ទី១៨ ខែកក្កដាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិអង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ក្មេងប្រុសរងគ្រោះទាំង២នាក់បងប្អូនឈ្មោះ ប្រុស វុទ្ធី អាយុ៦ឆ្នាំ និង ឈ្មោះ ប្រុស វណ្ណេត អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

យោងតាមការបំភ្លឺរបស់ឈ្មោះ យ៉ុង យឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាតារបស់ក្មេងរងគ្រោះទាំងពីរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានយកចៅទាំងពីរនាក់ មកលេងនៅឯផ្ទះរបស់ខ្លួន នៅឯភូមិអង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ដល់វេលាថ្ងៃត្រង់នាំចៅៗហូបបាយ លុះចៅហូបរួចហើយ ក៏បានប្រាប់ចៅទាំង២នាក់ ឲ្យកាន់បោយ ទៅងូតទឹកពាងខាងក្រោយផ្ទះ។ រីឯជីតានិងជីដូន នៅបន្តហូបបាយ រួចហើយបាត់ចៅមិនឃើញមកវិញ ស្រែកហៅក៏មិនឮសូរឆ្លើយ ដើរទៅតាមរកមើលនៅកន្លែងពាងទឹកក៏មិនឃើញ តែឃើញបោយនៅអណ្តែត ក្នុងស្រះ សង្ស័យចុះរាវ ស្រាប់តែប្រទះឃើញចៅទាំង២នាក់ស្លាប់លិចក្នុងទឹកស្រះទៅវិញ ដោយមិន អស់ចិត្ត នាំយកទៅមណ្ឌលសុខភាព តែត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ថា ក្មេងរងគ្រោះបានស្លាប់ហើយ ដោយសារលង់ទឹក ។

ក្រោយពីកើតមានករណីបែបនេះ លោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចដឹកសព ចៅប្រុសទាំង២នាក់ទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទាំងក្តីអាល័យ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.