តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេករបស់យុវជនល្ខោនខោលកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ សាលមហោស្រពពិមានអាកាស នៃសាលាមធ្យមវិចិ្រសិល្បៈ បានរៀបចំកម្មវិធី «សម្តែងសិល្បៈនារដូវវស្សា» ដែលជាព្រឹត្តិការណ៍ធំនាំឱ្យមានជំនួបរវាងសិល្បករសិល្បការិនី និងពិសេសសិល្បករសម្ដែងល្ខោនខោល មកជុំគ្នា។

ក្នុងនោះដែរ គេឃើញមានវត្តមាន កញ្ញា សុខ សីឡាលីន ត្រូវបានប្រកាសថា ជាអ្នកគាំទ្រដែលបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០០ ដុល្លារ បង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង។
នេះជាការបង្ហោះទាំងស្រុងនៅលើហ្វេសប៊ុកផេករបស់យុវជនល្ខោនខោលកម្ពុជា ៖
«សូមគោរពថ្លែងអំណរគុណចំពោះ កញ្ញា សុខ សីឡាលីន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាគណៈកម្មការកម្មវិធី Cambodian Idol ដែលបានឧបត្ថម្ភគាំទ្រនូវថវិកាចំនួន 100$ មកកម្មវិធី “សម្តែងសិល្បៈនារដូវវស្សា” ដែលជាព្រឹត្តិការណ៍វប្បធម៌ដើម្បីផ្សព្វផ្សាយសិល្បៈខ្មែរ។ ទាំងស្អាត ពេញសមត្ថភាព និងទឹកចិត្តល្អប្រពៃ សមជា Role Model ❤🙏»

គួរដឹងដែរថា កម្មវិធី «សម្តែងសិល្បៈនារដូវស្សា» រៀបចំឡើង ក្នុងគោលបំណងថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយ ជ្រួតជ្រាបដល់សាធារណៈជន ជាពិសេសយុជន និងយុវតីនាសម័យបច្ចេកវិទ្យា បានចូលរួមទស្សនាផ្ទាល់ញឹកញាប់ ដើម្បីបណ្តុះចិត្តស្រឡាញ់ និងឈានដល់ការចូលរួមថែរក្សា ការពារ សិល្បៈវប្បធម៌ដ៏មានតម្លៃមហាសាលរបស់កម្ពុជា។
ព្រឹត្តិការណ៍នេះនឹងមានការសម្តែងជូននូវផ្ទាំងទស្សនីយភាពចម្រុះរយៈពេល៦០នាទី ដែលគ្រោងនឹងធ្វើការសម្តែងចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ការសម្តែងចែកជា៤លើករួមមាន៖ លើកទី១ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២, លើកទី២ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២, លើកទី៣ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងលើកទី៤ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២៕




